អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណ៥ប្រភេទ ពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ

24

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណ៥ប្រភេទ ពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ​យកមករក្សាទុកដើម្បីចុះបញ្ជីទៅតាមបច្ចេកទេស និងរៀបចំសំណើសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរ​នរោត្តមសីហនុអង្គរ។

វត្ថុបុរាណទាំង ៥ ប្រភេទនោះរួមមាន ទី១ បំណែកដងខ្លួនព្រះពុទ្ធរូប ធ្វើពីថ្មភក់ ទី២បំណែកកញ្ចាំង ធ្វើពីថ្មភក់ ទី៣បំ ណែកភ្នែនទេវរូប ធ្វើពីថ្មភក់ ៤កុលាលភាជន៍(ថូ) ធ្វើពីដីដុត និងទី៥កុលាលភាជន៍(ខូច) ធ្វើពីដីដុត។

អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណៈជន ចូលរួមថែរក្សា និងជៀសវាងការជីកកកាយឬឈួស​ឆាយទីតាំង​បុរាណដ្ឋាន និងរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរជាតិអប្សរាក្នុងរកណីបានជួប​ប្រទះនូវបុរាណវត្ថុទាំងនោះ ព្រោះថារមណីយដ្ឋានអង្គរសម្បូរបុរាណដ្ឋានមានសំណល់បុរាណវិទ្យាទាំងលើដី និងក្រោមដី។

អាជ្ញាធរជាតិអប្សរា ថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលយកចិត្តទុកដាក់ការពារនូវសម្បត្តិបេតិកភណ្ឌ​ដែលជារបស់យើងទាំងអស់គ្នា ពិសេសប្រជាពលរដ្ឋដែលបានចូលរួមថែរក្សាតាមរយៈការប្រគល់ឬផ្តល់ព័ត៌មាន​ដល់សមត្ថកិច្ច។ សកម្មភាពនេះ សរបញ្ជាក់ឱ្យឃើញពីការយល់ដឹងពីតម្លៃនៃមរតកដូនតា និងចង់ថែរក្សាឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

សូមបញ្ជាក់ថា អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានឲ្យដឹងថា វត្ថុបុរាណទាំង៥ប្រភេទនេះ ទទួលបានតាមរយៈប្រជាជនដែលប្រទះឃើញដោយចៃដន្យក្នុងតំបន់ខ្លួនរស់នៅហើយរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ដែលមានសមត្ថកិច្ចដើម្បីយកមករក្សាទុក។បន្ទាប់ពីទទួលបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានប្រគល់ឱ្យអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងថែរក្សា៕

អត្ថបទដែលជាប់ទាក់ទង