កាកសំណល់ប្លាស្ទិចចំនួន១៤ កុងតឺន័របញ្ជូនចេញពីកម្ពុជា និងបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន

21

វិទ្យុជាតិកម្ពុជា៖ដោយលោក ជួន បូណា

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អះអាងថា គិតមកដល់ថ្ងៃទី ២៣ខែសីហានេះ កាកសំណល់ប្លាស្ទិចចំនួន ១៤ កុងតឺន័រ បានបញ្ជូនចេញពីកម្ពុជា និងបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ប់ចំនួន ខណៈ នៅសល់ចំនួន៦៩ កុងតឺន័រទៀត ដែលក្រុមហ៊ុនស្នើសុំការពន្យាពេល។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យបានដឹងថា ការដឹកជញ្ជូនកាកសំណល់ប្លាស្ទីកចំនួន៨៣ កុងតឺន័រ ត្រឡប់ទៅប្រទេសដើមវិញ ដែលត្រូវបានលួចនាំចូលដោយខុសច្បាប់មកកាន់កម្ពុជាដោយក្រុមហ៊ុនCHUNGYUEN PLASTIC MANUFACTURE CO., LTD ។

ប្រភពបន្ដថា គិតមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ សាមី ក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបានបង់ថ្លៃចំណតផែ និងថ្លៃ កប៉ាល់មួយចំនួន ហើយក៏បានដឹកជញ្ចូនកាកសំណល់ប្លាស្ទិចចេញពីកម្ពុជាចំនួន ១៤ កុងតឺន័រ កាលពីយប់ថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ កន្លងទៅនេះផងដែរ ។

កាកសំណល់ប្លាស្ទិចដែលនៅសល់ចំនួន ៦៩ កុងតឺន័រនេះ ដោយហេតុថាក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនតាមផ្លូវសមុទ្របានជួបបញ្ហាមួយចំនួន រួមមាន អាកាសធាតុមិនអំណោយផលធ្វើឱ្យខកខានជើងកប៉ាល់ និងទំនិញកកស្ទះជាច្រើនដែលទទួលកក់ពីអតិថិជន ផ្សេងៗទៀតដូច្នេះទើបក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បានស្នើសុំពន្យារពេលនៃការដឹកជញ្ជូនកាកសំណល់ប្លាស្ដីកដែលនៅសល់ចំនួន ៦៩ កុងតឺន័រ ទៀតតាមតារាង ពេលវេលាដែលក្រុមហ៊ុនកប៉ាល់បានផ្តល់ជួនគិតចាប់ពីថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩ ៕

អត្ថបទដែលជាប់ទាក់ទង