ឥណ្ឌាបានសម្រេចជ្រើសរើសយក ស្រុក ទ្រាំង ក្នុងខេត្តតាកែវ ជាកន្លែងសាកល្បងដំបូង ក្នុងការអនុវត្តគម្រោងភូមិឌីជីថល

456

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេស កម្ពុជានិងឥណ្ឌា ទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

ក្នុងឪកាស់អនុញ្ញាតឲ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារនៅទីស្ដីការក្រសួងកាលពិថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អ៊ីវតឹក បានលើកឡើងថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែល្អប្រសើរ ជាពិសេសលើគម្រោង Digital Village ដែលនឹងជំរុញ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ជនបទ ដែលក្នុងនោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌាបានចាត់ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជាតំណាងក្នុងការទទួលរ៉ាប់រងលើ ការអនុវត្តគម្រោងសាកល្បងខាងលើនៅកម្ពុជា។

ក្រុមហ៊ុន TCIL បានបញ្ជូនក្រុមការងារដែលមានមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកទេស បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងអំឡុងនៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងាររបស់ក្រុមហ៊ុន TCIL ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ដែលដឹកនាំដោយ ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តាមរយៈកិច្ចពិភាក្សានោះ ភាគីឥណ្ឌាបានសម្រេចជ្រើសរើសយក ស្រុក ទ្រាំង ក្នុងខេត្តតាកែវ ជាកន្លែងសាកល្បងដំបូងក្នុងការអនុវត្តគម្រោងភូមិឌីជីថល (Digital Village)៕

អត្ថបទដែលជាប់ទាក់ទង