សម្តេចចៅហ្វាវាំង នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីទៅចែកជូនប្រជាពលរដ្ឋ ចំនួន៣៥០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ចាម

54

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានអះអាងថា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអមដំណើរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជាវាំង បាននាំយកព្រះរាជអំណោយរបស់ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុស ប្រោសប្រទានដល់ប្រជារាស្ត្រ ដែលរងគ្រោះដោយទឹកជំនន់ចំនួន ៣៥០ គ្រួសារ នៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ព្រះរាជអំណោយរបស់ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដែលប្រទានចែកជូនដល់គ្រួសាររងគ្រោះចំនួន៣៥០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២បាវស្មើនឹង១០០គីឡូក្រាម ,ឃីតចំនួន២កញ្ចប់(មុង២,ភួយ២,ក្រមា២,សារ៉ុង២) ,ទឹកបរិសុទ្ធ២ធុង,កៅស៊ូតង់២ផ្ទាំង,ត្រីខ២០កំប៉ុង,មី២កេះតូច,អាវយឺតមានស្លាកអំណោយព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថវីកាចំនួន ៤០ម៉ឺនរៀល ។

ក្នុងនោះ ថវិកា របស់ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២០ម៉ឺនរៀល និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ចំនួន២០ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ ។

អត្ថបទដែលជាប់ទាក់ទង