អាជ្ញាធររាជធានីភ្នំពេញពន្លឿនការស្ថាបនាគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់អោយរួចរាល់នៅចុងឆ្នាំនេះ

177

វិទ្យុជាតិកម្ពុជា ៖ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​ លោក​ ចន​ ណារិទ្ធ​៖


អាជ្ញាធររាជធានីភ្នំពេញពន្លឿនការស្ថាបនាគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់តភ្ជាប់ពីមហាវិថីព្រះមន្នីវង្ស មកមហាវិថីព្រះនរោត្តមអោយបានរួចរាល់នៅចុងខែតុលាខាងមុខ ដើម្បីអាចដាក់អោយប្រជាពលរដ្ឋធ្វើចរាចរណ៍បាននៅចុងឆ្នាំ២០១៩នេះ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា មកដល់ពេលនេះ គម្រោងស្ថាបនាស្ពានអាកាសក្បាលថ្នល់ដែលតភ្ជាប់ពីមហាវិថីព្រះមន្នីវង្ស មកមហាវិថីព្រះនរោត្តមបានសាងសង់ជិតរួចរាល់ហើយ ខណៈដែលក្រុមការងារជំនាញនឹងសម្រុកធ្វើឲ្យហើយ នៅចុងខែតុលាខាងមុខនេះ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ចាប់ពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩នេះតទៅ ការដ្ឋានស្ពានអាកាសក្បាលថ្នល់ នឹងចាប់ផ្តើមតម្លើងពុម្ពដែកកម្រាលតួស្ពាន ដែលមានកំពស់ពីកម្រាលកៅស៊ូថ្នល់៤ម៉ែត្រ ហើយដើម្បីសុវត្ថិភាព សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្តទាំងអស់មិនត្រូវដឹកទំនិញនៅក្រោមស្ពានលើសកំពស់៤ឡើយ ។
លោកប្រធានមន្ទីរបានអៈអាងថា គម្រោងស្ថាបនាស្ពានអាកាសនេះគឺដើម្បីដោះស្រាយបញ្ហាចរាចរនៅតាមបណ្ដោយផ្លូវព្រះមន្នីវង្សនិងផ្លូវព្រះនរោត្តមជាពិសេសតំបន់ក្បាលថ្នល់ដែលកំពុង ប្រឈមដោយការកកស្ទះជារៀងរាល់ថ្ងៃ បើទោះបីមានស្ពានអាកាសរួចហើយក៏ដោយ។
លោកបន្តថា តាមគម្រោងស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្សទៅវិថីព្រះរោត្តមនេះ មានប្រវែងសរុប២០០ម៉ែត្រ ទទឹង ៧ម៉ែត្រកន្លះ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ក្រុមការងារនិងខិតខំស្ថាបនាស្ពានអាកាសនេះ អោយហើយនៅនៅចុងខែ តុលា ២០១៩នេះ តាមផែនការដែលបានគ្រោងទុក ដើម្បីអាចដាក់ដំណើរការអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅចុងឆ្នាំ២០១៩នេះ ខណៈដែលស្ពានអាកាសក្បាលថ្នល់ចាស់ ដោះស្រាយបញ្ហាចរាចរណ៍មិនទាន់បានល្អប្រសើរនូវឡើយនោះ។
គួររំលឹកថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែង គឺស្ពានអាកកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ ខណៈស្ពានអាកាសចោមចៅនិងផ្លូវក្រោមដីចោមចៅ ក្រុមការងារបាន និងកំពុង់ខិតខំស្ថាបនាយ៉ាងមមាញឹក ៕

អត្ថបទដែលជាប់ទាក់ទង