រាជរដ្ឋាភិបាលប្រកាសឲ្យស្ថាប័នពាក់ព័ន្ធបង្កើនការជួយសង្គ្រោះប្រជាពលរដ្ឋដោយ ឥទ្ធិពល ព្យុះ កាហ្ស៊ីគីនិងទឹកជំនន់ទន្លេមេគង្គ

151

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ៤.កញ្ញា. ២០១៩៖

រាជរដ្ឋាភិបាលប្រកាសឲ្យស្ថាប័នពាក់ព័ន្ធបង្កើនការជួយសង្គ្រោះប្រជាពលរដ្ឋដោយ ឥទ្ធិពល ព្យុះ កាហ្ស៊ីគី និងទឹកជំនន់ទន្លេមេគង្គ ដើម្បី កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ៈពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅតាមមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលា ខណៈដែលឥទ្ធិពលព្យុះទី១៤ឈ្មោះ កាហ្ស៊ីគី កំពុងមានឥទ្ធិ ពលនៅលើប្រទេសកម្ពុជាដែលជាក្តីបារម្ភចំពោះប្រជាពលរដ្ឋ។

តាមសារាចរណែនាំស្ដីពីការត្រៀមវិធានការ ទប់ទល់នឹងគ្រោះទឹកជំនន់ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ប្រទេសកម្ពុជា បាននិងកំពុងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី ព្រមទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលបក់បោកយ៉ាងខ្លាំងបណ្ដាលឲ្យមានភ្លៀង ធ្លាក់យ៉ាងគំហុក។

សារាចរណែនាំ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា យោងតាមការពិនិត្យ សង្កេត តាមដានជាប់ជាប្រចាំលើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប គួបផ្សំនឹងឥទ្ធិពលរបស់ព្យុះទី ១៤ ឈ្មោះ កាហ្សីគី ( KAJIKI ) និងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំងបានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងគំហុក នៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។ ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជំរុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ។

យោងតាមការព្យាករកម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថាស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង នៅថ្ងៃទី ០៨ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ១២ ម៉ែត្រ៣៥ ខណៈកម្ពស់ប្រកាសអាសន្ន ១២ម៉ែត្រ០០។ នៅស្ថានីយជលសាស្ត្រខេត្តក្រចេះ នៅថ្ងៃទី ០៩ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ២៣ ម៉ែត្រ២០ ខណៈ កម្ពស់ប្រកាសអាសន្ន ២៣ ម៉ែត្រ០០ ។ ចំណែកស្ថានីយជលសាស្ត្រខេត្តកំពង់ចាម នៅថ្ងៃទី ១០ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ១៥ ម៉ែត្រ៧០ ខណៈដែរ កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥ ម៉ែត្រ២០ ។ រីឯស្ថានីយជលសាស្ត្របាសាក់ ចតុមុខ រាជធានីភ្នំពេញ  នៅថ្ងៃទី ១១ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ៩ ម៉ែត្រ ៤៥ ខណៈ កម្ពស់ទឹកដែលប្រកាសឲ្យប្រុងប្រយ័ត្ន ១០ ម៉ែត្រ ៥០។ដោយឡែក ចំពោះកម្ពស់ទឹកទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប ក៏ហក់ឡើងទន្ទឹមគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង