អាជ្ញាធរខេត្តស្ទឹងត្រែងប្រកាស់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននៅពេលធ្វើដំណើរឆ្លងកាត់ព្រែក អូរនឹងទន្លេ ខណៈទឹកឡើងជិត១១ម៉ែត្រនៅថ្ងៃនេះ

156

វិទ្យុជាតិកម្ពុជា ៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖


ទឹកទន្លេមេគង្គបានឡើងដល់ជិត១១ម៉ែត្រនៅខេត្តស្ទឹងត្រែង ក្នុងកម្រិតកំពស់ទឹកនេះអាជ្ញាធរខេត្តបានជូនដំណឹងទៅអាជ្ញាធរគ្រប់មូលដ្ឋានឱ្យណែនាំប្រជាពលរដ្ឋលើកកំពស់ការប្រុងប្រយ័ត្នខ្ពស់ហើយនៅតាមតំបន់ណាងាយរងគ្រោះត្រូវដាក់កំលាំងប្រចាំការគ្រប់ផ្នែកពាក់ព័ន្ឋ។
លោកពេជ្រ រ៉ាមីអភិបាលរងក្រុងស្ទឹងត្រែង បានបញ្ជាក់ថា៖ តាមការឱ្យដឹងពីក្រសួងធនធាននឹងឧត្តុនិយមទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងនឹងបន្តឡើងដល់១១ម៉ែត្រ៦០នៅថ្ងៃទី០៧កញ្ញា ឆ្នាំ២០១៩ កំរិតកម្ពស់ទឹកនេះនឹងលិចមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន នៅតាមភូមិសាស្រ្តជាប់តាមដងទន្លេទាំង៤ នៅខេត្តស្ទឹងត្រែង ហើយប្រជាពលរដ្ឋដែលកំពុងឆ្លង កាត់ព្រែកអូរផ្សេងៗត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់នេះព្រោះវានៅបន្តឡើងហើយទឹកមានស្ថានភាពហូរខ្លាំង។លោក អភិបាលរងក្រុងបានសំណូមពរដល់ម្ចាស់ អាជីវកម្មធ្វើដ៍ចម្លងនៅតាមតំបន់មួយចំនួនត្រូវរៀបចំឱ្យមានសុវត្ថិភាព ហាមដាក់លើសចំណុះ ចំណែកប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុង រួមមាន-ភូមិព្រែក- ភូមិកណ្តាល-នឹងភូមិស្ពានថ្ម ក្នុង សង្កាត់ស្ទឹងត្រែង – ភូមិថ្មលាត ភូមិស្រែពោធិ ភូមិលើក្នុងសង្កាត់ស្រះឬស្សី- ភូមិខាំផាន់ ភូមិកោះខនឌិន ភូមិហាងខូបាន ភូមិហាងខូសួន ភូមិថ្មី ក្នុងសង្កាត់សាមគ្គីហាមកូនចៅលេងទឹក ។
លោកកែវ ប៊ុនឈឿន មេភូមិហាងខូបាន-បានបញ្ចាក់ថា៖ទឹកជំនន់មេគង្គនៅតែបន្តឡើងចូរបងប្អូនប្រុងប្រយ័ត្នឱ្យបានជាប្រចាំ ដើម្បីការពារសុវត្ថិភាពខ្លួនឯងព្រោះអាជ្ញាធរបានជួយជម្លៀសប្រជាពលរដ្ឋយើងដែលមានលំនៅដ្ឋានទាបៗទៅទីទួលសុវត្ថិភាពហើយ។
លោកប៉ាង ប៉េង ប្រធានមន្ទីធនធានទឹកបានបញ្ជាក់ថា៖ទឹកទន្លេមេគង្គ អាចនឹងឡើងដល់កម្រិតកម្ពស់១១ម៉ែត្រ៦០នៅថ្ងៃ០៧ខែកញ្ញា ព្រោះនៅផ្នែកក្បាលទន្លេមានភ្លៀងច្រើន តាមការព្យាករ របស់ក្រសួងធនធានទឹកនិងឧតុនិយម មានឥទ្ធិពល ពីព្យុះទី១៤(កាហ្សីគី)បង្កឱ្យមានភ្លៀងនិងទឹកបន្តឡើងលឿន។លោកថា៖ប្រការនេះ បងប្អូនប្រុងប្រយ័ត្ន ត្រូវបន្តជម្លៀសទ្រព្យសម្បត្តិ សត្វចិញ្ចឹមផ្សេងៗទៅរកទីទួលសុវត្ថិភាពឱ្យបានជាមុន ។
សូមបញ្ចាក់ថា៖នៅល្ងាចថ្ងៃទី០៤ខែកញ្ញា ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងមានកម្រិតកម្ពស់ទឹក១០.៨២ម៉ែត្រ ហើយភូមិទាំងចំនួន៨១នៅតាមដងទន្លេមេគង្គ ឬន្លេសេកុង ទន្លេសេសាន នឹងត្រូវលិច ចំណែក ផ្លូវធ្វើដំណើរមួយចំនួនក៍ត្រូវទឹកកាត់ផ្តាច់ ចំណែកនៅសង្កាត់សាមគ្គីប្រជាពលរដ្ឋចំនួន៣០គ្រួសារត្រូវជម្លៀសទៅទីទួលសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង