ទីណាប្រជាពលរដ្ឋមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា(មានវីដេអូ)

34

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោក ចន ណារិទ្ធ៖

កំពង់ចាម៖ ឯកឧត្តម​ គួច​ ចំរើនអភិបាលខេត្តកំពង់ចាម​នៅរសៀលថ្ងៃទី៧​ ខែសីហា​ ឆ្នាំ២០១៨​ បាននាំយកអំណោយ កាកបាទ​ក្រហមកម្ពុជា ​សាខា​ខេត្ត​​កំពង់ចាម​ ទៅចែកជូនគ្រួសាររង​គ្រោះដោយទឹក​ជំនន់នៅក្នុង​ភូមិចំនួន​២​ នៃឃុំព្រែកតានង់​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ សរុបចំនួន ៥៦០ គ្រួសារ។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានលើក​ឡើងថា​ សុខទុក្ខ​របស់​ពលរដ្ឋក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ ឯកឧត្តម បាននាំ​ការសួរ​សួរសុខទុក្ខរបស់​ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា​ ដោយស្នើដល់អាជ្ញាធរត្រូវតែជួយសង្គ្រោះ​ពលរដ្ឋ​គ្រប់​ពេលវេលាដោយមិនប្រកាន់ពូជសាសន៍សំប្បុរអ្វីឡើយ​ ​គឺ ក្នុងគោល​បំណង​ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់រហូតដល់ពេលទឹកស្រកទៅវិញ ដោយ ត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូន​ដល់​បង​ប្អូនប្រជាពលរដ្ឋយើងឲ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយ​ចំ​នួន និងលំ​នៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតអស់ផងដែរ។

ឯកឧត្តម គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានធ្វើការអំពាវនាវ​ ដល់បង​ប្អូន​​ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយ​សារ​ទឹកជំនន់ ពិសេសត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹក​ដែល​ដាំពុះ និង​ត្រូវសម្អាតទីទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បី​កាត់​​​​​បន្ថយនឹង​ទប់​ស្កាត់ការឆ្លងនូវជម្ងឺផ្សេង​ៗ​ ហើយពេលទឹកជំនន់​នៅតែ​បន្ដ​​កើនឡើង​ទៀត​នោះ ក៏មានសត្វអាសិរ្ពិស​ ច្រើនផងដែរ ដូច្នោះ​ត្រូវ​ប្រុងប្រយ័ត្នជានិច្ច បើ​មានពស់ចឹងឬខាំត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌល​សុខភាព ដែលនៅ​ជិត​បងប្អូនដើម្បីព្យាបាលបានទាន់ពេលវេលា ៕


អត្ថបទដែលជាប់ទាក់ទង