ប្រមុខរាជរដ្ឋាភិបាល ជំរុញញដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលនឹងកើតមានក្នុងរយៈពេលដ៏ខ្លីខាងមុននេះ

51

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ធីណា ឌីណេ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល ជំរុញដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលនឹងកើតមានក្នុងរយៈពេលដ៏ខ្លីខាងមុននេះ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវ ការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅតាមមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលា ខណៈជិតមួយសប្តាហ៍កន្លងមកហើយ ទឹកជំនន់ទន្លេមេគង្គ បានបង្កឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដាខេត្តស្ថិត នៅតាមដងទន្លេមេគង្គផ្នែកខាងលើ។ ទោះបីជាទឹកបានចាប់ ផ្ដើមស្រុកចុះ ប៉ុន្តែការស្រកចុះនេះមានសភាពយឺត ។ ជាក់ស្តែងខេត្តស្ទឹងត្រែង ដែលចាប់តាំងពី យប់ថ្ងៃទី៦ រហូតដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ទឹកស្រកចុះបានត្រឹមតែ០,៦០ម៉ែត្រប៉ុណ្ណោះ។
នេះបើយោងតាមសារាចរណែនាំបន្ថែម ស្តីពីការបន្តវិធានការ ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ប្រភពដដែលបញ្ជាក់ថា យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ តទៅនឹងមានប្រព័ន្ធសម្ពាធទាប (ITCZ)ថ្មីមួយកើតឡើង ហើយប្រព័ន្ធសម្ពាធទាបនោះ នឹងរំកិលខ្លួនចុះមកក្រោម (ចន្លោះស្ទឹងត្រែង-ប៉ាក់ សេ) ហើយប្រព័ន្ធសម្ពាធទាបថ្មីនោះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនជំរុញឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មី ដែលធ្វើឲ្យជំនន់ឆ្នាំ ២០១៩ នេះ ចាត់ទុកចំណាត់ថ្នាក់ជាជំនន់ធំ។
សម្តេចតេជោ ក៏សូមអំពាវនាវ ដល់ក្រសួងពាក់ព័ន្ធនិងអាជ្ញាធរ ទាំងអស់ ត្រូវបន្តបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការ ចាំបាច់នានា ដើម្បីត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ដែលបាន កើតឡើងសាជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ កាត់បន្ថយឲ្យបាន ជាអតិបរមានូវ ការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង