ក្រសួងព័ត៌មានណែនាំឲ្យមន្រ្តីព័ត៌មានថ្នាក់ក្រោមជាតិជួយផ្សព្វផ្សាយគោលនយោបាយ គាំពារអភិវឌ្ឍន៍កុមារតូចនៅតាមមូលដ្ឋាន

13

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
ភ្នំពេញ ៖ ក្រសួងព័ត៌មានបានណែនាំឲ្យមន្រ្តីព័ត៌មានថ្នាក់ក្រោមជាតិជួយផ្សព្វផ្សាយគោលនយោបាយគាំពារអភិវឌ្ឍន៍កុមារតូចអោយបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនកិច្ចគាំពារឧត្តមប្រយោជន៍របស់កុមារ ពិសេសផ្តល់សេវាអប់រំនិងថែទាំកុមារឲ្យបានល្អប្រសើរ ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការ គាំពារអភិវឌ្ឍន៍កុមារតូចក្នុងវិស័យព័ត៌មាននៅថ្នាក់ក្រោមជាតិ នៅខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្ដម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មានបានជំរុញឲ្យអ្នកសារព័ត៌មានបន្តធ្វើសេចក្តីរាយការណ៍ និងការបង្កើតកម្មវិធីនានា ដែលបំរើដល់ការអភិវឌ្ឍរបស់កុមារ ពិសេសការលើកកម្ពស់កិច្ចគាំពារកុមារនៅតាមមូលដ្ឋាន ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការបង្កើនកិច្ចគាំពារនិងលើកកម្ពស់ឧត្តម ប្រយោជន៍របស់កុមារនេះ ដោយសារតែកុមារតូចគឺជាសសរទ្រូងរបស់ប្រទេសជាតិក្នុងការដឹកនាំសង្គមនាពេលអនាគត ដូច្នេះទាមទារឲ្យមានការយកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួន និងអាណាព្យាបាលក្នុងការអប់រំនិងថែទាំកុមារតូចប្រកបដោយគុណភាពដើម្បីឈានដល់ការកសាងបាននូវធនធានមនុស្សសមស្របតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។
ឯកឧត្ដមបន្តថា ក្រសួងព័ត៌មានបញ្ជ្រៀបការយល់ដឹងដល់មន្ត្រីទាំងឡាយដែលកំពុង បម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ ដើម្បីយកទៅផ្សព្វផ្សាយបន្តពីបច្ចេកទេសនៃការផ្ដល់សេវាថែទាំ សេវា អប់រំ សុខភាព ព្រមទាំងអាហារូបត្ថម្ភដល់កុមារចាប់ពីកំណើតរហូតដល់អាយុ៦ឆ្នាំ ។
ឯកឧត្ដមអៈអាងថា ការងារដែលមាតាបិតាត្រូវមានកាតព្វកិច្ចជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់ ជំរុញឲ្យកុមារតូចក្លាយជាធនធានដ៏សំខាន់គឺការលើកកម្ពស់ការអភិវឌ្ឍផ្នែករាងកាយសុខភាពការអភិវឌ្ឍផ្នែកសីលធម៌ វប្បធម៌អភិវឌ្ឍន៍ផ្នែកសង្គមនិងអារម្មណ៍ព្រមទាំងការអភិវឌ្ឍផ្នែកបញ្ញានិងការគិតគូររបស់កុមារ ដើម្បីឈានដល់ការកសាងបាននូវធនធានមនុស្សស្របតាមតម្រូវការ អភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជានៅក្រោមទិសស្លោកកុមារល្អយុវជនល្អពលរដ្ឋល្អ ។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការគាំពារអភិវឌ្ឍន៍កុមារតូច ដែលបានប្រារព្វឡើងនៅខេត្តរតនៈគិរីនេះ មានការចូលរួមពីមន្រ្តីព័ត៌មានជាច្រើននាក់មកពីខេត្តចំនួន៥រួមមាន ៖ ខេត្តរតនគីរី ខេត្តព្រៃវែង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង