ប្រជាពលរដ្ឋ ១.៣០០គ្រួសារ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ទទួល អំណោយសង្គ្រោះបន្ទាន់

35

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម៖

ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន ១.៣០០គ្រួសារ ដែលកំពុងរង់ផលប៉ះពាល់ដោយទឹកជំនន់ ដោយគ្រួសារខ្លះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងនោះ ឥឡូវនេះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្ដម សៀង ណាំ និងលោកជំទាវ និងឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក៏បាននាំអំណោយសង្គ្រោះបន្ទាន់ ចែកជូនគ្រួសារ រងគ្រោះទាំងនោះ ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្ដម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្ដម ង៉ោ ប៊ុនថាន តំណាងឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំង ១.៣០០គ្រួសារ នៅខាងមុខ វត្តឥន្ធកោសី ហៅវត្តកោះជ្រូក ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គូសបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់ ១៥,៧៥ម៉ែត្រ ដែលហក់ឡើងលើសកម្រិត ប្រកាសអាសន្ន ដែលធ្វើឲ្យក្រុង ស្រុក ចំនួន ៦ ប្រឈមចំពោះគ្រោះធម្មជាតិនេះ ។ កត្តានេះធ្វើអោយយើង ជម្លៀសប្រជាពលរដ្ឋរងគ្រោះមួយចំនួន ទៅកាន់ទីទួលសុវត្ថិភាព ហើយយើងក៏បានជួយអន្តរាគមន៍រុះរើផ្ទះប្រជាពលរដ្ឋ ប្រឈមទៅនឹងការបាក់ស្រុតច្រាំង មួយចំនួន ផងដែរ ។ មកដល់ពេលនេះ ក៏មានប្រជាពលរដ្ឋចំនួន ០៤នាក់ បានរងគ្រោះបាត់បង់ជីវិត ដោយសារលង់ទឹក ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានឲ្យដឹងថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ១.៣០០គ្រួសារនេះ គឺជាការឧបត្ថម្ភរបស់ ឯកឧត្ដម សៀង ណាំ និងលោកជំទាវ និងឯកឧត្ដម វេង សាខុន ដែលជាប្រធានគណៈពង្រឹងស្រុកកំពង់សៀម និងឃុំកោះសំរោង ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ឯកឧត្ដម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងប្រុងប្រយ័ត្ន ចំពោះ សត្វអាសិរពិស ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព ចំពោះ កូន ចៅ ដោយជៀសវាងមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ ។ឯកឧត្តម ទេសរដ្ឋមន្ត្រីបានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឲ្យបានទាន់ពេលវេលា ។
សូមបញ្ជាក់ផងដែរថា អំណោយរបស់ ឯកឧត្ដម សៀង ណាំ និងលោកជំទាវ និងឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចែកជូនប្រជាពលរដ្ឋទាំង ១.៣០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០គ.ក្រ ត្រីខ ១យួរ មី ៤កញ្ចប់ និងនំប៉័ង ១ដើម ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង