នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០១៩

11

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ ១១ ០៩ ២០១៩ ៖

ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស ដែលបានចេញផ្សាយនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអោយដឹងថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ នឹងចូលជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគីដែលផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាព្រំដែន។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នាផងដែរ។
ប្រភពដដែលបន្ថែមទៀតថា ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវនឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យនិងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ៕

អត្ថបទដែលជាប់ទាក់ទង