រដ្ឋបាលរាជធានីភ្នំពេញណែឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការធ្វើនាវាចរណ៍នារដូវទឹកឡេីងនេះ

10

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៩៖

រដ្ឋបាលរាជធានីភ្នំពេញណែឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការធ្វើនាវាចរណ៍ នារដូវទឹកតម្លើងនេះ ដើម្បីរក្សាបានសុវត្ថិភាព និងការបន្ថយគ្រោះថ្នាក់នានាកើតឡើងជាយថាហេតុ។
រដ្ឋបាលរាជធានីភ្នំពេញបានចេញវិធានការចំនួន៥ចំណុចដែលតម្រូវឲ្យម្ចាស់ជលយាន ជលយន្តដឹកអ្នកដំណើរភ្ញៀវទេសចរនិងម្ចាស់កំពង់ដទទឹងទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ដើម្បីការពារសុត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ នៅរដូវទឹកឡើង ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការធានានូវសុខុមាលភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវទឹកនារដូវទឹកឡើង ដែលរាជធានីភ្នំពេញបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានកំណត់វិធាន ការទំាង៥នោះរួមមាន ទី១ ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បូន ពោងកង អាវពោង ប្រដាប់ពន្លត់អគ្គិភ័យ នៅលើគ្រប់មធ្យោបាយ ទី២ ពេលធ្វើចរាចរណ៍ចេញ ឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបើកបន្ថយល្បឿន នៅត្រឹម២០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ដែលជាហេតុបណ្តាលឲ្យបាក់ដីមាត់ច្រាំងទន្លេ ប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ទី៣ មិនត្រូវផ្ទុកអ្នកដំណើរភ្ញៀវទេសចរណ៍ ឬទំនិញ លើសចំណុះផ្ទុក ទី៤ ការបើកបរនាពេលយប់ ត្រូវមានភ្លើងបំភ្លឺ ឲ្យបានត្រឹមត្រូវ និងទី៥ ត្រូវរៀបចំផ្លូវឡើងចុះកំពង់ចម្លង ឲ្យបានល្អស្អាត មិនរអិល ឬផុងស្រុត។
រដ្ឋបាលរាជធានីភ្នំពេញបានជំរុញឲ្យម្ចាស់យានយន្តជនយានយន្តគ្រប់ប្រភេទនិងម្ចាស់កំពង់ដងទឹកត្រូវអនុវត្តវិធានការនេះឲ្យបានប្រសិទ្ធិភាព ខណៈដែល កាលម៉ោង៣ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញានេះ មានករណីសាឡង់ដឹកប្រេងឥន្ទនៈបានបុកសសរស្ពានប៉េឡេឆ្លងកាត់ទន្លេសាបពីតំបន់ ជ្រោយចង្វារទៅតំបន់ឬស្សីកែវ ដែលបានបណ្តាអោយស្ពាននេះខូចខាតមួយចំនួន ហើយបានផ្អាក ការធ្វើចរាចរណ៍ឆ្លងកាត់មួយរយៈ៕

អត្ថបទដែលជាប់ទាក់ទង