កសិករនៅភូមិស្រែតាប៉ានបង្កើត ផលិតផលផ្អកត្រពាំង

7

វិទ្យុជាតិកម្ពុជា៖ ដោយលោកអ៊ាន គឹមហឿន ខេត្ត ស្ទឹងត្រែង

កសិករ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងបាននាំគ្នាបង្កើតក្រុម ផលិតផ្អកត្រពាំងដើម្បីធ្វើជាអាហារត្រៀមគ្រោះអាសន្នសម្រាប់ដោះទាល់ ដូចក្នុងពេលកើតមានគ្រោះ មហន្កតរាយទឹកជំនន់ជាដើម។ អាជ្ញាធរស្រុកបានគាំទ្រការបង្កើតឱ្យមានផលិតផលថ្មីមួយនេះព្រោះវាបានជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងគ្រួសារ។
លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖មុខរបរនេះកន្លងមក កសិករ ច្រើន នាំគ្នាធ្វើជាលក្ខណៈគ្រួសារសម្រាប់គ្រាន់តែ ជាស្បៀងត្រៀមបង្កាក្នុងពេលមានគ្រោះអាសន្នផ្សេងៗតែប៉ុណ្នោះ។ លោកថា៖បច្ចុប្បន្នពួកគាត់បានប្រមូលគ្នាមានពី១៥ទៅ២០គ្រួសារសហការគ្នាបង្កើតផលិតផលមួយធ្វើឱ្យមានប្រចាំនៅក្នុងភូមិលក់បានប្រាក់ចំណូលប្រចាំគ្រួសារផង ហើយបានរួមចំណែកក្នុងការកាត់បន្ថយការធ្វើនេសាទហួសកម្រិតបានថែមទៀតផង។
លោកស្រីថៃណាង រស់នៅណុចចាន់តា ង៉យ ភូមិស្រែតាប៉ាន បានអះអាងថា៖ពួកគាត់មិនដែលបាននឹកឃើញបង្កើតរបរនេះទេទើមតែនៅឆ្នាំ២០១៨កន្លងមកមានទឹកជំនន់មេគង្គហក់ឡើងជាច្រើនលើកច្រើនសារពេកបង្កឱ្យប្រជាពលរដ្ឋនៅតំបន់នេះខ្លះខាតស្បៀងព្រោះបន្លែបង្កាក៍ត្រូវលិចលង់អស់។
លោកស្រីថា៖ នៅឆ្នាំ២០១៩ពួកគាត់នាំគ្នារៀបចំជាក្រុមទៅរកត្រពាំងយកមកចំហុយ ធ្វើជាផ្អកត្រពាំង ទុកធ្វើជាអាហារជំនួសបន្លែ ហើយមានទីផ្សារស្រួលលក់និងសម្រាប់ដោះទាល់នៅពេលមានគ្រោះអាសន្ន បណ្តាលមកពីគ្រោះធម្មជាតិផ្សេងៗ។
លោកផាយឡា មេភូមិស្រែតាប៉ានបានគាំទ្រចំពោះមុខរបរនេះព្រោះវាបានរក្សាចំណេះដឹងមួយ ដែលកន្លងមកចាស់ទុំច្រើនផលិតជាត្រពាំងគ្រៀមហាលថ្ងៃទុកតែបណ្ណោះ។
លោកបន្តថា៖បច្ចុប្បន្នប្រជាពលរដ្ឋយើងបង្កើត វិធីថ្មីមួយទៀតយកទំពាំង មកចំហុយច្រកថង់រក្សាទុកបានយូរ ហើយ នាំទៅលក់នៅទីផ្សារតាមការបញ្ជាទិញក្នុងពេលទឹកលិចលង់បន្លែបង្ការអស់បានធ្វើអោយផ្អកទំពាំងនេះលក់បានតម្លៃថ្លៃ ក្នុងមួយគីឡូចាប់ពី៣០០០ទៅ៤០០០រៀល ។
សូមបញ្ជាក់ថា៖ក្រុមកសិករ ផលិតផ្អកត្រពាំងនេះ ទើបបានបង្កើតឡើងនៅដើមឆ្នាំ២០១៩នេះមានគ្នាចាប់ពី១៥គ្រួសារទៅ២០គ្រួសារក្នុងមួយក្រុម បច្ចុប្បន្ន មាននៅភូមិហាងសាវ៉ាត -ភូមិស្តៅ-និងភូមិស្រែតាប៉ានក្នុងឃុំសាមឃួយ និងឃុំស្តៅ-ក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ៕

អត្ថបទដែលជាប់ទាក់ទង