ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ណែនាំដល់កំលាំងក្រោមឱវ៉ាតត្រូវយកចិត្តទុកដាក់ខ្ពស់ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

9

វិទ្យុជាតិកម្ពុជា៖ ដោយម៉ៅ សុខា ខេត្តកំពង់ឆ្នាំង៖


លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវណែនាំអោយកំលាំងមានសមត្ថកិច្ចគ្រប់ផ្នែកគ្រប់ថ្នាក់ក្នុងខេត្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អនៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនិងបុណ្យសាសនារបស់ជាតិផ្សេងៗទៀត។លោកឧត្តមសេនីយ៍ទោ បានអោយដឹងថា គ្រប់កំលាំងសមត្ថកិច្ចជំនាញនៅថ្នាក់ខេត្ត-ក្រុងនិងស្រុកត្រូវរៀបចផែនការការពាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពឲ្យបានម៉ត់ចត់ សំរាប់អនុវត្តជាក់ស្តែងអោយបានត្រឹមត្រូវនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសបង្កើនសកម្មភាពល្បាតត្រួតពិនិត្យទាំងថ្ងៃ ទាំងយប់។ជាមួយគ្នានេះ ត្រូវអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀននិងបន្តបង្រ្កាបបទល្មើសផ្សេងៗអោយបានជាប្រចាំពោលគឺធ្វើអោយភូមិ ឃុំសង្កាត់មានសុវត្ថិភាពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំង៩ចំណុច។លោកបញ្ជាក់ថា ការងារនេះត្រូវយកចិត្តទុកដាក់ជាប្រចាំ មិនមែនត្រឹមតែយកចិត្តទុកដាក់ក្នុងកម្មវិធីបុណ្យទានធំៗនោះទេ។ក្រៅពីនោះ ក៏ត្រូវត្រៀមកំលាំងអន្តរាគន៍តាមគោលដៅ ត្រៀមរថយន្តពន្លត់អគ្គីភ័យនិងមធ្យោបាយផ្សេងៗទៀតសំរាប់បំរើការងារនៅពេលមានឧបទ្ទវហេតុកើតឡើងដើម្បីអន្តរាគមន៍បានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ឆាយ ខេមរដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ក៏បានអោយដឹងថា អធិការដ្ឋាននគរបាលក្រុងបានរៀបចំកំលាំងសមត្ថកិច្ចចំនួន៤៥នាក់ពង្រាយតាមគោលដៅចំនួន៧និងតាមវត្តចំនួន៩ដោយសហការជាមួយប្រជាការពារ និងកំលាំងអន្តរាគមន៍ខេត្ត។
លោក ថា កន្លងមកក៏ដូចជាបច្ចុប្បន្នមន្ត្រីនគរបាលអនុវត្តការងារជំនាញនេះជាប្រចាំ និងអនុវត្តនូវវិធានការបង្ការបទល្មើសគ្រប់ប្រភេទ ដូចជា ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យរដ្ឋបាលតាមផ្ទះសំណាក់ផ្ទះជួល ដើម្បីរកមុខសញ្ញាសង្ស័យ ផ្សព្វផ្សាយណែនាំដល់ប្រជាពរដ្ឋអាជីវករអោយប្រុងប្រយត្ន័យទ្រព្យសម្បត្តិផ្ទាល់ខ្លួនមុននឹងចេញទៅធ្វើបុណ្យឬទៅកន្លែងណាផ្សេង ត្រូវពិនិត្យភ្លើងធូប ទាន ភ្លើងអគ្គិសនី និងចាក់សោផ្ទះបន្ទប់អោយបានត្រឹមត្រូវ និងការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា ជាដើម៕

អត្ថបទដែលជាប់ទាក់ទង