អគ្គនាយកដ្ឋានពន្ធដារ អះអាងថា ចំណូលពន្ធ-អាករក្នុងរយៈពេល៨ខែ មានការកើនឡើង

59

វិទ្យុជាតិកម្ពជា៖ លោក យី វិច្ឆិកា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ចំណូលពន្ធ-អាករក្នុងរយៈពេល៨ខែមានការកើនឡើង បន្ទាប់ពីការមានគ្រប់គ្រងដោយប្រសិទ្ធភាព ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករ ដែលប្រមូលបានមានប្រមាណជិត២ពាន់លានដុល្លារអាមេរិក ស្មើនឹង៨៥,៣៣ភាគរយ នៃផែនការប្រចាំឆ្នាំ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហាឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្តបន្ត កាលពីថ្ងៃទី១២ខែកញ្ញា ឯកឧត្តម បានបញ្ជាក់ថា ចំណូលដែលប្រមូលបាននេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៨ មានការកើនឡើងជិត៣០ភាគរយ ត្រូវជាប្រមាណជា៤៤៩លានដុល្លារ។

ឯកឧត្តមមានប្រសាសន៍ថា កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារសម្រេច បាននូវនវានុវត្តន៍ប្រកបដោយនិរន្តរភាព បន្ទាប់ពីការអនុវត្តនូវកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងការទ្វើទំនើបកម្មពន្ធដារ តាមរយៈការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ E-VAT ដើម្បីពង្រឹងការគ្រប់គ្រងការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit) ឱ្យមានប្រសិទ្ធភាព និងភាពត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង