ក្រសួងការងារ ជំរុញឲ្យសិស្សប្រឡងជាប់បាក់ឌុបចាប់យកជំនាញវិទ្យាសាស្រ្ដ

16

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖មន្រ្ដីជាន់ខ្ពស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញដល់សិស្សប្រឡងជាប់បាក់ឌុបឲ្យសិក្សាជំនាញវិទ្យាសាស្រ្ដ ដែលជាជំនាញងាយស្រួលស្វែងរកការងារធ្វើ និងទទួលបានប្រាក់បៀវត្សខ្ពស់។

ឯកឧត្ដម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០១៩ថ្មីៗនេះ ដែលមានបំណងចង់សិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ត្រូវចេះធ្វើការសម្រេចចិត្តក្នុងការជ្រើសយកមុខវិជ្ជា ឬជំនាញមកសិក្សា ដើម្បីរៀនទៅមានទីផ្សារការងារខណៈជំនាញ វិស្វករ, សំណង់, អគ្គិសនី, និងមេកានិច្ច កំពុងមានទីផ្សារល្អនៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្ដម បន្ដថា ការជ្រើសរើសជំនាញនេះ មិនត្រឹមតែមានតម្រូវការអ្នកដែលមានជំនាញនោះទេ សូម្បីតែកម្លាំងពលកម្មនៅក្នុងវិស័យទាំងនេះ ក៏មានតម្រូវការខ្ពស់ផងដែរ ។
ឯកឧត្ដមបញ្ជាក់ថា ការជំរុញឲ្យសិក្សាជំនាញខាងលើនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យសិស្សនិស្សិតចេះជ្រើសរើសមុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យបានត្រឹមត្រូវ ហើយពេលបញ្ចប់ការសិក្សា គឺងាយស្រួលស្វែងរកការងារធ្វើ និងទទួលបានប្រាក់បៀវត្សខ្ពស់។
ឯកឧត្ដមបន្ដថា ការជ្រើសរើសជំនាញមួយមកសិក្សាឱ្យបានត្រឹមត្រូវ និងចំគោលដៅ គឺជារឿងសំខាន់មួយសម្រាប់បន្តដំណើរ នៅលើវិថីជីវិតរបស់បុគ្គលម្នាក់ៗទៅថ្ងៃអនាគត ។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៩នេះ មានបេក្ខជនប្រឡងជាប់មានចំនួន ៧៩០៥២នាក់ ស្មើរនឹងជាង៦៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានចំនួនកើនជាង១ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង