រដ្ឋមន្រ្តីការបរទេសរ៉ូវ៉ាន់ដា និងប្រទេសហ្គីណេ ស្វែងរកការគាំទ្រពីកម្ពុជាសម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង

70

រដ្ឋមន្រ្តីការបរទេសរ៉ូវ៉ាន់ដា និងប្រទេសហ្គីណេ មកបំពេញទស្សនកិច្ចនៅកម្ពុជា បានមកដល់ប្រទេសកម្ពុជា ដើម្បីស្វែងការគាំទ្រពីកម្ពុជា សម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង។

ដំណើរទស្សនកិច្ចរបស់លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្រ្តីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្វ្រិកបូព៌ា នៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និងឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្គីណេ បានមកដល់កម្ពុជានៅថ្ងៃទី៩ ខែសីហានេះ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការក្រុមប្រទេសនិយាយភាសាបារាំង។

ជាមួយគ្នានេះ ក៏ដើម្បីស្វែងរកការគាំទ្រពីកម្ពុជា ចំពោះបេក្ខភាព លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ ជាអគ្គលេខាធិការអង្គការក្រុមប្រទេសនិយាយភាសាបារាំង ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ ទី១២ ខែតុលាឆ្នាំ២០១៨ខាងមុខនេះ នៅប្រទេសអាម៉េនី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជានៅថ្ងៃទី៩ ខែសីហានេះ។

លោកជំទាវរដ្ឋមន្រ្តីការបរទេសរ៉ូវ៉ាន់ដា និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសប្រទេសហ្គីណេ មានកម្មវិធីចូលជួបពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសនិយាយភាសា បារាំងនេះ ក៏បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិនដូចជា ឡាវ និងវៀតណាម ដើម្បីស្វែងរកការគាំទ្រសម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង៕

អត្ថបទដែលជាប់ទាក់ទង