រដ្ឋមន្ត្រីបរិស្ថានអាស៊ានបង្ហាញជំហររួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទឆ្លងដែនចាប់ពីឆ្នាំ២០២០ខាងមុខនេះ

15

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី

សៀមរាប៖ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បង្ហាញជំហររួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទឆ្លងដែនឲ្យបានយ៉ាងហោចណាស់ចាប់ពីឆ្នាំ២០២០ខាងមុខនេះ បន្ទាប់ពីមានការលើកឡើងនូវកង្វល់នៃបញ្ហានេះ ដែលបណ្តាលមកពីភ្លើងឆេះព្រៃ និងការបំពុលខ្យល់នៅក្នុងប្រទេសជាសមាជិក។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា រដ្ឋមន្ត្រីបរិស្ថានអាស៊ានបានបញ្ជាក់ជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទឆ្លងដែន តាមរយៈដាក់ចេញនូវផែនការ និងការងារគ្រប់គ្រងការបំពុលដោយផ្សែងអ័ព្ទឆ្លងដែន ជាមួយនឹងមធ្យោបាយនៃការអនុវត្ត ដើម្បីសម្រេចឲ្យបាននូវគោលដៅតំបន់អាស៊ានគ្មានផ្សែងអ័ព្ទឆ្លងដែននៅត្រឹមឆ្នាំ២០២០។
ការបញ្ជាក់ជំហររួមគ្នានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋជាសមាជិកបានលើកជជែកអំពីវិធានការលើការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន ក្រោយពេលមានភ្លើងឆេះព្រៃនៅប្រទេសឥណ្ដូនេស៊ី និងមានការបំពុលខ្យល់នៅក្នុងប្រទេសថៃ នាពេលថ្មីៗនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ នៃភាគីសន្និសីទកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៥ នៃរដ្ឋមន្រ្តីបរិស្ថានអាស៊ាននៅលើទឹកដីខេត្តសៀមរាប កាលព្រឹកថ្ងៃទី៩ ខែតុលា ឯកឧត្តម បានបញ្ជាក់ថា ប្រទេសសិង្ហបុរី បានគាំទ្រចំពោះការផ្ដួចផ្តើមរបស់ភាគីកម្ពុជា ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីផលប៉ះពាល់នៃផ្សែងអ័ព្ទដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន ស្របពេលបណ្តារដ្ឋជាសមាជិកផ្សេងៗទៀតទាមទារឲ្យមានការចូលរួមដោះស្រាយការបំពុលផ្សែងអ័ព្ទ ដែលលាយឡំដោយភាគល្អិតខ្ពស់នៃPM2.5។
សំឡេង៖ «បណ្តាប្រទេសដូចជាប្រទេសម៉ាឡេស៊ី បានលើកឡើងអំពីផលប៉ះពាល់ដែលកើតឡើងពីផ្សែងអ័ព្ទ គាត់បានគូសបញ្ជាក់ថា ផ្សែងអ័ព្ទនេះមិនមែនតែប៉ះពាល់ទៅលើបរិស្ថាន ប៉ុន្តែប៉ះពាល់ដល់សុខភាព។ ប្រទេសថៃបានបង្ហាញពីកិច្ចសហប្រតិបត្តិការ ហើយជាពិសេសប្រទេសថៃបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់កុំឲ្យមានភ្លើងឆេះព្រៃ ក៏ដូចជាធ្វើយ៉ាងម៉េចគ្រប់គ្រងឲ្យបាននូវផ្សែងអ័ព្ទឆ្លងដែន ជាពិសេសនៅរដូវប្រាំងខាងមុខនេះដែលនឹងអាចប្រឈម។ ចឹងប្រទេសទាំងអស់ក៏ចូលរួមចែករំលែកទស្សនៈហ្នឹងដែរ ហើយបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង។ ចំណុចមួយទៀត គឺសិង្ហបូរីបានគាំទ្រការផ្ដួចផ្តើមរបស់ភាគីកម្ពុជាក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីផលប៉ះពាល់នៃផ្សែងអ័ព្ទ ក៏ដូចជាផលប៉ះពាល់ដែលកើតចេញពីការបោសសម្អាតទីលាន ដី បន្ទាប់មកគេដុតព្រៃ ដុតសំណល់ព្រៃឈើ ជាដើមនេះ ដែលធ្វើឲ្យផ្សែងហោះទៅហ្នឹងជាប្រភេទផ្សែងដែលមានកម្រិតPM2.5ខ្ពស់ ដែលធ្វើឲ្យមាន បំពុលដល់បរិយាកាស។ ចឹងយើងត្រូវការធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់ប្រជាជននៅក្នុងតំបន់អាស៊ាន។»
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា អាស៊ានមិនទាន់អាចដោះស្រាយបញ្ហាផ្សែងអ័ព្ទឆ្លងដែន នៅឆ្នាំ២០២០ តាមគោលដៅបាននោះទេ ដោយវាអាស្រ័យលើការរៀបចំយន្តការ ក៏ដូចជាការកៀគរនូវមូលនិធិហិរញ្ញវត្ថុគាំទ្រ និងការរៀបចំយុទ្ធសាស្ត្រឲ្យបានច្បាស់លាស់។
រដ្ឋជាសមាជិកអាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន កាលពីខែមិថុនា ឆ្នាំ២០០២ និងចូលជាធរមាននៅខែវិច្ឆិកា ឆ្នាំ២០០៣ ដើម្បីរួមគ្នាទប់ស្កាត់បញ្ហាឆ្លងដែននៃផ្សែងពុល និងកាត់បន្ថយភ្លើងឆេះព្រៃ តាមរយៈការផ្លាស់ប្តូរព័ត៌មាននិងបច្ចេកវិទ្យា និងការផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១៥ រដ្ឋន្ត្រីបរិស្ថានអាស៊ាន ត្រូវបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ក្រោយពីបានពិនិត្យ ពិភាក្សា និងអនុម័តនូវឯកសារ និងរបៀបវារៈសំខាន់ៗពាក់ព័ន្ធនឹងវិស័យបរិស្ថាន ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្តសៀមរាបអង្គរ ដោយមានសមាសភាពចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្រ្តី និងគណៈប្រតិភូទាំង១០ប្រទេស អគ្គលេខាធិការអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្រ្តីអាស៊ានបូកបី គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង