រដ្ឋមន្ត្រីបរិស្ថានអាស៊ានបន្តតាមដានយកចិត្តទុកដាក់ និងរៀបចំយន្តការ បង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការបំពុលដោយផ្សែងអ័ព្ទ

10

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១០.តុលា.២០១៩

រដ្ឋមន្ត្រីបរិស្ថានអាស៊ានបានបន្តតាមដានយកចិត្តទុកដាក់ និងរៀបចំយន្តការដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការបំពុលដោយផ្សែងអ័ព្ទ និងកាត់បន្ថយឱ្យបានច្រើនបំផុតនូវបញ្ហាកើតចេញពីផ្សែងអ័ព្ទឆ្លងដែននៅអំឡុងពេលនៃរដូវប្រាំងខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល៣ថ្ងៃ ពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែតុលាឆ្នាំ២០១៩ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ រដ្ឋមន្ត្រីបរិស្ថានអាស៊ានបង្ហាញនូវក្តីព្រួយបារម្ភជុំវិញភាពធ្ងន់ធ្ងរនៃការបំពុលផ្សែងអ័ព្ទ និងការរីកសាយភាយនៃបញ្ហាផ្សែងអ័ព្ទនានាពេលថ្មីៗនេះដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាននីភាគខាងជើង និងខាងត្បូងនៃតំបន់អាស៊ាន។
រដ្ឋមន្ត្រីបរិស្ថានអាស៊ានក៏បាន បង្ហាញនូវសមានចិត្តចំពោះប្រជាពលរដ្ឋជាច្រើនលាននាក់ ដែលទទួលរងផលប៉ះពាល់ពីការបំពុលដោយផ្សែងអ័ព្ទឆ្លងដែននេះ។
រដ្ឋមន្ត្រីបរិស្ថានអាស៊ានបានពិនិត្យឡើងវិញនូវការអនុវត្តនៃកិច្ចព្រមព្រៀងអាស៊ានលើការគ្រប់គ្រងលើការបំពុល ផ្សែងអ័ព្ទឆ្លងដែន និងបញ្ជាក់សាជាថ្មីនៃកិច្ចខិតខំប្រឹងប្រែង តាមរយៈកិច្ចប្រឹងប្រែងថ្នាក់ជាតិ និងកិច្ចប្រឹងប្រែងថ្នាក់តំបន់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងនេះនិងផែនទីបង្ហាញផ្លូវលើកកិច្ចសហប្រតិបត្តិការអាស៊ានលើផ្នែកការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែនជាមួយនឹងមធ្យោបាយនៃការអនុវត្តដើម្បីសម្រេចឱ្យបាននូវតំបន់អាស៊ានមួយដែលគ្មានផ្សែងអ័ព្ទនៅត្រឹមឆ្នាំ ២០២០។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីបរិស្ថានអាស៊ានឯកភាពគ្នាថានឹងជួបគ្នាជាថ្មីនៅក្នុងប្រទេសហ្វីលីពីននៅឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំភាគីសន្និសីទអាស៊ានស្តីពីកិច្ចព្រមព្រៀងអាស៊ានលើការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទ ឆ្លងដែន និងនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ ២០២១ នៅក្នុងឱកាសនៃកិច្ចប្រជុំលើកទី១៧ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា៕

អត្ថបទដែលជាប់ទាក់ទង