ក្នុងរយៈពេល៨ខែឆ្នាំនេះកម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ២២២ គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦ប៊ីលានដុល្លារ

101

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ១០ ១០ ១៩៖

ក្នុងរយៈពេល៨ខែឆ្នាំនេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ២២២ គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦ប៊ីលានដុល្លារ ដែលធ្វើឲ្យវិស័យនេះបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងមានប្រសិទ្ធភាព។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សក្តានុពលនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា ក្នុងរយៈពេល៨ខែឆ្នាំ២០១៩នេះកម្ពុជាមាន គម្រោងវិនិយោគចំនួន ២២២គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៦ប៊ីលានដុល្លារអាមេរិក ពោលគឺមានការកើនឡើងចំនួន៨១គម្រោង និងទុនវិនិយោគប្រមាណ១,៨៨ប៊ីលានដុល្លារអាមេរិក។
ឯកឧត្តមបានបញ្ជាក់ថា ការកើនឡើងនៃគម្រោងវិនិយោគជាតិ និអន្ដរជាតិនេះ គឺដោយសារតែកម្ពុជាមានសុខសន្ដិភាព ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ទំាងកម្លាំងពលកម្ម សក្តានុពលការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ និងកម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្រ្ដក្នុងតំបន់អាស៊ានផងដែរ។
ឯកឧត្តមបន្តថា ក្នុងចំណោមគម្រោងវិនិយោគទំាង២២២គម្រោននេះ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានការកើនឡើងខ្លាំង ខណៈទុនវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើងជាគំហុក ប្រមាណជាង៩៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
ឯកឧត្តមបន្ដថា ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងចំនួន ៧១គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥៧៨លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងចំនួន ២៦គម្រោង និងទុនវិនិយោគប្រមាណ ១៩លានដុល្លារអាមេរិក។ បើគិតត្រឹមខែសីហាឆ្នាំ២០១៨នេះ តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងមានប្រតិបត្តិការមានចំនួន ២៣តំបន់ ក្នុងនោះមានគម្រោងវិនិយោគចំនួន ៤៨២គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៣, ៦ប៊ីលានដុល្លារអាមេរិក ហើយទំហំនៃការនាំចេញដែលមានប្រភពចេញពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ ១៥ភាគរយនៃទំហំនាំចេញសរុបរបស់ព្រះរាជាណាចក្រកម្ពុជាក្នុង ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង