ក្រសួងទេសចរណ៍ស្នើឱ្យជប៉ុនបន្តជួយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន

18

វិទ្យុជាតិកម្ពុជា៖ លោក ចេម ហួត 

ភ្នំពេញ៖ ក្រសួងទេសចរណ៍ស្នើឱ្យឯកអគ្គរដ្ឋទូតជប៉ុនបន្តជួយអភិវឌ្ឍន៍វិស័យ​​ទេសចរណ៍​​កម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនបង្កើនចំណូល​​ចូល​ថវិកា​ជាតិ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន ស្នើដល់ភាគីជប៉ុនជួយ​ដល់កម្ពុជា​​ក្នុង​​​ការផ្សព្វផ្សាយ អភិរក្ស​​ប្រាសាទបុរាណជំរុញការផ្សព្វផ្សាយខ្សែ​រ​បណ្តាញទស្សនកិច្ច​​ផ្នែក​បេតិ​​កភណ្ឌ​វប្បធម៌ភ្ជាប់ពីតំបន់ប្រសាទអង្គរវត្តទៅប្រាសាទកោះកេរ្តិ៍ បឹងមាលាប្រាសាទ​​​ព្រះវិហារ និងសំបូរព្រៃគុកជាដើម។

ក្នុងជំនួបជាមួយ ឯកឧត្តម មិ​កាមិ​ ម៉ា​សា​ហ៊ី​រ៉ូ​ឯកអគ្គរាជរដ្ឋទូតប៉ុន​​ថ្មីប្រចាំកម្ពុជា​​កាលពីរសៀលថ្ងៃទី៩ ខែតុលា ឯកឧត្តម ថោង ខុនបន្តថាជប៉ុនមាន បច្ចេកវិទ្យា និងបទ​​ពិសោធន៍​​ខ្ពស់​ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាក់ស្តែងកន្លង​​មក​ក្នុង​​នាម​ជា​​ស​ហប្រធាន​​ICCអង្គរ ជប៉ុនបាន ជួយអភិរក្សប្រាសាទ​​បុរាណកម្ពុជាប្រកប​​ដោយ​ជោគជ័យ។

ឯកឧត្តមវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលជប៉ុន​​ដែល​បាន​ផ្តល់ជំនួយ​​អភិវឌ្ឍ ហេដ្ឋា​​រចនា​​សម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ដែល​​ជួយ​ជំរុញវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍​​កម្ពុជា​។

         លោក ជុក ជំនោ​​អ្នកនាំពាក្យ​​​​​​ក្រសួងទេសចរណ៍មានប្រសាសន៍ថា ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសរណ៍ និង​​ឯកអគ្គរដ្ឋទូត​​ជប៉ុនប្រចាំកម្ពុជានោះ ភាគីកម្ពុជា ក៏បានស្នើឲ្យភាគី​​ជប៉ុន​​ជួយ សិក្សាជំរុញឱ្យមាន​​ការភ្ជាប់ជើងហោះត្រង់ពីទីក្រុងសំខាន់ៗប្រទេសជប៉ុនមកកម្ពុជា,​ ជួយសិក្សា​រៀបចំទីក្រុងសៀមរាប និងទីក្រុងបាត់ដំបងជាទីក្រុងឆ្លាតវៃ ជំរុញការវិនិយោគ​​របស់​​ជប៉ុន​​​​មកកម្ពុជាកាន់តែច្រើន។

ឯកឧត្តម មិ​កាមិ​ ម៉ា​សា​ហ៊ី​រ៉ូ​ឯកអគ្គរដ្ឋទូតជប៉ុន បានមើលឃើញចំពោះការ រីកចំរើន និងការ​អភិ​​វឌ្ឍ​​សេដ្ឋកិច្ចជាពិសេសការរីកចំរើនវិស័យទេសចរណ៍​​នៅកម្ពុជានា​ពេលបច្ចុប្បន្ន​​។

ឯកឧត្តមបានទទួលយកសំណើររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដើម្បីធ្វើរបាយការណ៍ជូនទៅ  អោយរាជរដ្ឋាភិបាលជប៉ុនធ្វើការពិចារណាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជាកាន់តែរីកចំរើនឡើងថែមទៀត។

សូមបញ្ជាក់ថា ក្នុងរយៈពេល៨ខែឆ្នាំ២០១៩កន្លងមកនេះ​​​កម្ពុជាទទួលបាន​​ភ្ញៀវទេសចរ​​អន្តរ​ជាតិ​​​ប្រមាណជាង​​​៤លាន៣សែននាក់ក្នុងនោះភ្ញៀវទេសចរជនជាតិ​​ជប៉ុន​​មានជាង១សែន​​៤ម៉ឺន​​​នាក់ដែលនៅ​​តែឈរក្នុងកំណើនខ្ពស់​​បើប្រើធៀបជាមួយ​ភ្ញៀវទេសចរ​​អន្តរជាតិ​ផ្សេងៗ​៕

អត្ថបទដែលជាប់ទាក់ទង