សម្តេចប្រធានព្រឹទ្ធសភាប្រាប់យុវជនយកសភាពការណ៍ពិតពាក់ព័ន្ធទៅនឹងសន្តិសុខ ស្ថិរភាពនយោយបាយនៅកម្ពុជាទៅប្រាប់យុវជនអន្តរជាតិ

41

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

១០ តុលា ២០១៩

ភ្ន​ពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជំរុញឲ្យយុវជន​ពាំនាំសភាព​ការណ៍ពិតពាក់ព័ន្ធទៅនឹងសន្តិសុខ ស្ថិរភាពនយោយបាយល្អនៅកម្ពុជាទៅប្រាប់យុវជន​អន្ត​​រជាតិដើម្បីកុំអោយមានការយល់ច្រឡំតាមរយៈការបំភ្លៃរបស់ក្រុមប្រឆាំងមួយចំនួន។

ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន៣៣រូប ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០ នាទី នៅវិមានព្រឹទ្ធសភាមុននឹងចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៦។

សម្តេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា «អ្វីដែលក្មួយៗត្រូវយកទៅជម្រាបជូនយុវជនប្រទេសដទៃទៀតឱ្យបានជ្រាប គឺសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា ដែលមានជាអាទិ៍ សភាពការណ៍សន្តិសុខ ស្ថិរ-ភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងសក្តានុពលខាងទេសចរណ៍ ប្រពៃណីវប្បធម៌ដ៏ល្អផូផង់របស់ប្រទេសជាតិ។ ជាមួយនឹងការនាំយកព័ត៌មានល្អទៅជម្រាបជូនគេ សូមក្មួយៗទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ពីយុវជននៃ បណ្តាប្រទេសនីមួយៗ។ ជាមួយគ្នានេះ ក្មួយៗក៏សូមយកចិត្តទុកដាក់ដល់ការខិតខំកសាងនូវមនោ សញ្ចេតនាមិត្តភាព សាមគ្គីភាព ដើម្បីបណ្តុំនូវស្មរតីសហប្រតិបត្តិការអន្តរជាតិជាមួយនឹងយុវជនជប៉ុន និងនិងយុវជនបណ្តាលប្រទេសទាំង៩ទៀតផងដែរ។»

សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នេះ គឺជានិមិត្តរូបដ៏ល្អមួយទាំងក្នុងកម្រិតជាតិ តំបន់ និងពិភាពលោក។ ដូចនេះ បើគិតមកដល់ពេលនេះ យុវជនទាំងអស់សុទ្ធតែបានឆ្លងកាត់នូវដំណាក់កាលជាកូនល្អ សិស្សល្អ មិត្តល្អ ហើយក្មួយៗនឹងក្លាយទៅជាពលរដ្ឋល្អរបស់ប្រទេសជាតិនាពេលអនាគត។ សម្តេចថា យុវជនទាំងនេះគឺជាទំពាំងស្នងឫស្សី ជាសសរទ្រូងរបស់ប្រទេសជាតិ ក្នុងការបន្តវេនការពារ និងអភិវឌ្ឍប្រទេសជាតិទៅពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង