អាជ្ញាធរឃុំពង្រស្រុកកោះសូទិនចាប់ផ្តើមដាក់សំណើឲ្យជួសជុលស្ពានអុងកូជាបន្ទាន់               ដើម្បីសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ

22

វិទ្យុជាតិកម្ពុជា៖ លោក យី វិច្ឆិកា
MC៖  អាជ្ញាធរឃុំពង្រស្រុកកោះសូទិនខេត្តកំពង់ចាម ចាប់ផ្តើមដាក់សំណើទៅអាជ្ញាធរខេត្ត ឲ្យជួសជុលស្ពានអុងកូជាបន្ទាន់ ដើម្បីសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ បន្ទាប់ពីស្ពាននេះបានបាក់ស្រុតផ្នែកកណ្តាលមិនអាចធ្វើចរាចរណ៍​បានកាលពីថ្ងៃ​ទី១៥ ខែ តុលាកន្លងទៅនេះ ។

លោក ខឹម ប៉ោទៀង មេឃុំពង្រ ស្រុកកោះសូទិនខេត្តកំពង់ចាមបានប្រាប់វិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលានេះថា អាជ្ញាធរឃុំបានបញ្ជូនសំណើសុំសាងសង់ស្ពានអុងកូថ្មី ទៅកាន់ អាជ្ញាធរស្រុកកោះសូទិនរួចរាល់ហើយ ដើម្បីឲ្យមានចំណាត់វិធានការពីខេត្តឬថ្នាក់ជាតិចុះ រុះរើនិងសាងសង់ស្ពាននេះជាបន្ទាន់ ដែលជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែល ធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តនេះ។
លោកបញ្ជាក់ថា ស្ពានអុងកូដែលស្ថិតនៅព្រំប្រទល់ឃុំទន្លេរបិតស្រុកត្បូងឃ្មុំ នឹងឃុំពង្រស្រុកកោះសូទិនខេត្តកំពង់ចាមដែលបានស្រុតបាក់នេះ បច្ចុប្បន្នបានផ្អាកមិនឲ្យប្រជាពលរដ្ឋធ្វើ ដំណើរឆ្លងកាត់ឡើយ ដើម្បីការពារសុវត្ថិភាពខ្លាចមានគ្រោះថ្នាក់ណាមួយកើតឡើង។
លោកបានអៈអាងថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខដែលអាចអោយប្រជាពលរដ្ឋឆ្លង កាត់ពីព្រែកនេះបាន អាជ្ញាធរបានសម្រួលដាក់ឲ្យមានកំពង់ដរចំលងទៅវិញទៅមក នឹងរៀបចំផ្លូវវាងជាស្ពានប្រឌើសធ្វើអំពីឬស្សីដែលអាចអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានជាបណ្តោះអាសន្ន។ លោកបានបញ្ជាក់ថា មូលហេតុដែលបណ្តាលអោយស្ពាននេះបាក់ស្រុត ដោយសារតែ   កម្លំាងទឹកហូរមានល្បឿនលឿនហើយខ្លំាងធ្វើឲ្យច្រោះដីនៅផ្នែកបាតគ្រឹះសសរ ស្ពាន ម្យ៉ាងទៀតដោយសារតែស្ពាននេះមានអាយុកាលរាងចាស់ផងដែរ។
សម្លេង៖ ស្ពាននេះមានសារសំខាន់ណាស់សំរាប់ជីវភាពប្រជាពលរដ្ឋ ដោយសារផ្លូវនឹងជាផ្លូវ ទំនាក់ទំនងពីស្រុកកោះសូទិនទៅកាន់ទីរួមខេត្តកំពង់ចាម ហើយប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ និងចាំបាច់បំផុតគឺ៤ឃុំទៅខេត្តកំពង់ចាម អញ្ចឹងមានផលវិបាកដើម្បីធ្វើដំណើរទៅកំពង់ចាម ដែលត្រូវពន្លឿនការស្ថាបនាឡើងវិញជាបន្ទាន់។
អាជ្ញាធរឃុំពង្រស្រុកកោះសូទិនបានអៈអាងថា ករណីបាក់ស្ពានអុងកូនេះមិនបានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ទេ ដោយសារតែស្ពាននេះបាក់ស្រុតនៅ វេលាម៉ោង៥ទាបភ្លឺ ដែលប្រជាពលរដ្ឋពុំសូវធ្វើដំណើរឆ្លងកាត់ច្រើន។
សូមបញ្ជាក់ថា ស្ពានអុងកូគឺមានភូមិសាស្រ្តជាប់ព្រំប្រទល់រវាងឃុំទន្លេរបិតស្រុកត្បូងឃ្មុំ នឹងឃុំពង្រស្រុកកោះសូទិនខេត្តកំពង់ចាមបានសាងសង់តាំងពីឆ្នាំ ១៩៩៣  និងមានប្រវែង ៣៣  ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង