ក្រសួងយុត្តិធម៌ថាការអនុវត្តកិច្ចការអាជ្ញាសាលាកំពុងជួបបញ្ហាប្រឈមដែលត្រូវការអ្នកពាក់ព័ន្ធចូលរួម

19

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ព្រះសីហុន៖មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិកធម៌បង្ហាញថា ការអនុវត្តកិច្ចការអាជ្ញាសាលាកំពុងជួបបញ្ហាប្រឈមដែលត្រូវការអ្នកពាក់ព័ន្ធចូលរួមដើម្បីពង្រឹងនីតិរដ្ឋនិងការកំណែទម្រង់ស៊ីជម្រៅលើវិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីតួនាទីនិងភារកិច្ចស្ថាប័នអនុវត្តន៍ និងនីតិវិធីដោយបង្ខំនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែតុលានេះ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ការអនុវត្ត ភារកិច្ចរបស់អាជ្ញាសាលាបាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមនោះ មានដូចជា៖ មានការភ័ន្តច្រឡំរបស់សាធារណៈជន និងអាជ្ញាធរពាក់ព័ន្ធទៅលើសមត្ថកិច្ចរបស់អាជ្ញាសាលា និងព្រះរាជអាជ្ញាទាក់ទងទៅនឹងការអនុវត្តដោយបង្ខំ, នីតិវិធីស្នើសុំកម្លាំងសមត្ថកិច្ចដោយមន្ត្រីអាជ្ញាសាលាត្រូវបានចំណាយពេលយូដែលមិនអាចអនុវត្តន៍ភ្លាមៗជាដើម។ ឯកឧត្តមបានស្នើឱ្យអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ​ចូលរួមកាន់តែសកម្មថែមទៀត និងប្រ​​កបដោយ​ការទទួលខុសត្រូវខ្ពស់ក្នុងការសហការជាមួយមន្ត្រីអាជ្ញាសាលា នៃក្រសួងយុត្តិធម៌។

ឯកឧត្តម លើកទឹកចិត្តដល់អង្គភាពជំនាញនៃក្រសួងយុត្តិធម៌ បង្កើនការផ្សព្វផ្សាយ និងអប់រំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងទៅនឹងកិច្ចការរបស់អាជ្ញាសាលា និងត្រូវពិនិត្យសិក្សាតាក់តែងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលាសំដៅលើកកម្ពស់វិជ្ជាជីវៈអាជ្ញាសាលា ពង្រឹងសមត្ថកិច្ច  និងបង្កើនប្រសិទ្ធិភាពការងារស្មារតីទទួលខុសត្រូវវិជ្ជាជីវៈអាជ្ញាសាលារបស់មន្ត្រីអាជ្ញាសាលា។

លោក ជាវ វិជ្ជាក់អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា បច្ចុប្បន្នមានមន្ត្រីអាជ្ញាសាលាចំនួន២រូបកំពុងបំរើការនៅសាលាដំបូង និងអយ្យការសាលាខេត្តព្រះសីហនុហើយកន្លងមកបានទទួលបានកិច្ចសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តដោយបង្ខំនូវសេចក្តីសម្រេចរបស់សាលាជម្រះក្តី។ កន្លងមកការងាររបស់អាជ្ញាសាលាត្រូវបានព្រះរាជអាជ្ញាអនុវត្តន៍អស់រយៈពេលប្រមាណ១២ឆ្នាំមកធ្វើឱ្យអាជ្ញាធរ និងសាធារណជនមានការភ័ន្តច្រឡំលើសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា និងអាជ្ញាសាលាពាក់ព័ន្ធទៅនឹងការអនុវត្តដោយបង្ខំ។

ក្រសួងយុត្តិធម៌បានសហការណ៍ជាមួយសាលាដំបូងខេត្តព្រះសីហនុរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី តួនាទី និងភារកិច្ច ស្ថាប័នអនុវត្ត” និង “នីតិវិធីអនុវត្តដោយបង្ខំ” នេះក្នុងគោលបំណងផ្សព្វផ្សាយអោយសាធារណជនក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងមានសមត្ថកិច្ច បានយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ស្ថាប័នអនុវត្ត គឺតុលាការអនុវត្តនិង អាជ្ញាសាលាក្នុងការអនុវត្តដោយបង្ខំ និងដើម្បីអោយពួកគាត់បានចូលរួមសហការក្នុងការអនុវត្តហើយក៏ដូចជាការផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការធ្វើកំណែរទម្រង់ប្រព័ន្ធច្បាប់និងវិស័យយុត្តិធម៌ ព្រោះស្ថាប័នអនុវត្តគឺជាផ្នែកមួយ នៃកំណែទម្រង់របស់រាជរដ្ឋាភិបាល៕     

អត្ថបទដែលជាប់ទាក់ទង