សម្តេចប្រធានព្រឹទ្ធសភាវាយតម្លៃខ្ពស់ចំពោះព្រះរាជកិច្ចដឹកនាំរបស់អង្គព្រះមហាក្សត្របានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព

42

វិទ្យុជាតិកម្ពុជា៖ ស្រីផល ២៥,១០,២០១៩៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះព្រះរាជកិច្ច ដឹកនាំរបស់ព្រះរុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសជាតិធានាបានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសម្បូរសប្បាយរុងរឿង។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងដូច្នេះ នៅក្នុងលិខិតថ្វាយព្រះពរនិង អបអរសាទរថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គគម្រប់ខួប១៥ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងឪកាសដ៍មហានក្ខត្តឬក្សឧត្តុងឧត្តម នៃពិធីគម្រប់ខួប១៥ព្រះវស្សា នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនាថ្ងៃទី២៩ ខែតុលានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានថ្លែងថា ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ត្រជាក់ត្រជុំ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះរាជអគ្គមគ្គទេសក៍ ពេញដោយព្រះរាជគតិបណ្ឌិតដ៍ឈ្លាសវៃ ប្រទេសជាតិស្ថិតនៅលើវិថីសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ ទូទាំងប្រទេស និងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ ឲ្យកាន់តែមានសន្ទុះរីកចម្រើនជឿនលឿនខ្លាំងក្លា ហើយកិត្យានុភាពជាតិ ត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ ទាំងនៅក្នុងតំបន់ និងលើសាកលលោក។
ក្នុងឱកាសនោះដែរសម្តេចប្រធានព្រឹទ្ធសភាព្រមទាំងសមាជិក សមាជិកានៃព្រឹទ្ធសភាទាំងអស់ សូមសំដែងថ្វាយនូវអំណរសាទរ ដោយសេចក្តីសប្បាយរីករាយ និងថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីរោគាព្យាធិនានា ដើម្បីទ្រង់គង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៍ត្រជាក់ត្រជុំ សុខដុមរមនាតរៀងទៅ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបីវត្ថុស័ក្កសិទ្ធទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី គ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាអភិបាល ប្រោះព្រំនូវព្រះសព្វសាធុការ ពរជ័យ គ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមប្រកបដោយព្រះពុទ្ធពរ ដ៍ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

អត្ថបទដែលជាប់ទាក់ទង