អាជ្ញាធរភ្នំពេញ និងដៃគូជំនួយពិនិត្យលទ្ធភាពអភិវឌ្ឍន៍សហគមន៍ប្រឡាយស្ទឹងមានជ័យ

138

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

អាជ្ញាធរភ្នំពេញ និងដៃគូជំនួយ ពិនិត្យលទ្ធភាពឈានទៅអភិវឌ្ឍន៍សហគមន៍ប្រឡាយស្ទឹងមានជ័យ ដើម្បីឲ្យមានរបៀបរៀបរយ មានសណ្ឋាប់ធ្នាប់ល្អ បរិស្ថានល្អ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ខណៈរាជធានីភ្នំពេញ ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់។
លោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានគម្រោងគាំទ្រពីសហភាពអឺរ៉ុប និងសមាគមអភិបាលនិយាយភាសាបារាំង នឹងរៀបចំអភិវឌ្ឍន៍ប្រឡាយរំដោះទឹកកខ្វក់នៅស្ទឹងមានជ័យឲ្យមានរបៀបរៀបរយ មានសណ្ឋាប់ធ្នាប់ល្អ បរិស្ថានល្អ មានលំហរសម្រាប់ខ្យល់ចេញចូល ផ្លូវធំទូលាយដែលអាចឲ្យរថយន្តអគ្គិភ័យចូលបានក្នុងករណីមានភ្លើងឆេះកើតឡើង រៀបចំបណ្តាញទឹក ភ្លើងអគ្គិសនី ស្របពេលមានការផ្តល់ដីប្រទានកម្មទៅឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ សម្រាប់សង់លំនៅឋានដែលមានលក្ខណៈសមរម្យ។
ថ្លែងក្នុងវេទិកា«រៀបចំយុទ្ធសាស្ត្រជាតិសម្រាប់គាំទ្រការងាររៀបចំលំនៅឋានមិនរៀបរយ របស់សហគមន៍ប្រឡាយស្ទឹងមានជ័យ» នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចជាស្រេចសម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍ប្រឡាយស្ទឹងមានជ័យ ទទួលបានការអភិវឌ្ឍននៅនឹងកន្លែង ដោយពុំមានការបណ្តេញចេញ។ លោកបន្តថា ប្រជាពលរដ្ឋដែលរស់នៅសហគមន៍ក្រីក្រនេះមួយចំនួន ក្នុងចំណោមសរុបជាង៥៦០គ្រួសារ បានទទួលដីប្រទានកម្មពីរាជរដ្ឋាភិបាល និងសង់ផ្ទះសម្រាប់រស់នៅទីនោះជាបណ្តើរៗហើយ។
លោក លឹម វ៉ាង តំណាងសហគមន៍ប្រឡាយស្ទឹងមានជ័យ បានសម្តែងនូវការសប្បាយចិត្ត និងបានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញពន្លឿនកាអភិវឌ្ឍប្រឡាយស្ទឹងមានជ័យនេះឲ្យបានលឿន ព្រមទាំងទាមទារឲ្យមានការយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យ សំរាម និងផ្លូវចូលសហគមន៍ របស់ខ្លួនផងដែរ។
លោក ប៉ុក សុគន្ធដារ៉ា អគ្គលេខាធិការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានព្រួយបារម្ភពីគម្រោងអភិវឌ្ឍន៍នេះ ខណៈសាលារាជធានីភ្នំពេញ បានរៀបចំកំណត់ទំហំប្រឡាយនិងផ្លូវអមប្រឡាយ និងចំណែកដីដែលនៅសល់ពីគម្រោងស្ថាបនានេះ សម្រាប់ធ្វើកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រនេះ។
សូមបញ្ជាក់ថា វេទិកាជជែកពិភាក្សារវាងអាជ្ញាធររាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅសហគមន៍ប្រឡាយស្ទឹងមានជ័យ នាព្រឹកមិញនេះ គឺដើម្បីស្វែងរកមតិយោបល់ដែលអាចស្រុះស្រួលគ្នាលើការអភិវឌ្ឍនៅតំបន់នោះ តាមបែបប្រជាធិបតេយ្យ ប្រកបដោយស្មើភាព តម្លាភាព និងគណនេយ្យភាព៕

អត្ថបទដែលជាប់ទាក់ទង