អាជ្ញាធរអប្សរាគ្រោងធ្វើបាឋកថាស្តីអំពីប្រវត្តិភាសាសាស្ត្រមន-ខ្មែរ

41

វិទ្យុជាតិកម្ពុជា​៖​ អត្ថបទ យី វិច្ឆិកា ២៥ ១០ ២០១៩ ៖

អាជ្ញាធរអប្សរាគ្រោងនិងរៀបចំរៀបចំបាឋកថាស្តីអំពី ប្រវត្តិភាសាសាស្ត្រនៃអម្បូរភាសាអូស្តូ្រអាស៊ីយ៉ាទិកដែលភាសាខ្មែរហៅថាមន-ខ្មែរ ដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានយល់ដឹងពីអក្សរសាស្រ្ត វប្បធម៌ និងប្រពៃណីជាតិ ។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាដែលវិទ្យុជាតិកម្ពុជាទទួលបាន បានដឹងថា អាជ្ញាធរជាតិអប្សរាគ្រោងធ្វើបាឋកថាស្តីអំពី ប្រវត្តិភាសាសាស្ត្រនៃអម្បូរភាសាអូស្តូ្រអាស៊ីយ៉ាទិកនេះនៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ នាវេលាម៉ោង៩:០០នាទីព្រឹក នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាដែលរៀបរៀងដោយលោកសាស្រ្តាចារ្យ Gérard Diffloth ភាសាវិទូ និង ប្រែសម្រួលជាភាសាខ្មែរ ដោយលោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា បាឋកថានេះ នឹងបរិយាយអំពីប្រវត្តិនៃអម្បូរភាសាដែលមាននិយាយភាគច្រើនបំផុតនៅតំបន់អាស៊ីអាគ្នយ៍គោក ព្រមទាំងការរីកសាយចាប់ពីតំបន់ខាងកើតប្រទេសឥណ្ឌា នេប៉ាល បង់ក្លាដេស រហូតដល់ប្រទេសចិនខាងត្បូង និងមាននិយាយនៅតំបន់អាជេប្រទេសឥណ្ឌូនេស៊ីដែរ។
ប្រភពបន្ថែមថា ភាសានេះត្រូវបានអ្នកស្រាវជ្រាវឱ្យឈ្មោះមួយទៀតថា មន-ខ្មែរ ដែលភាសាខ្មែរនិងភាសាមនមានឥទ្ធិពលធំក្នុងអម្បូរភាសាមួយនេះ។
សេចក្តីជូនដំណឹងបានអំពាវនាវឲ្យអ្នកស្រាវជ្រាវ សិស្សានុសិស្ស និងសាធារណជនទាំងអស់ ចូលរួមសិក្សា ស្តាប់បាឋកថានេះអោយបានច្រើនកុះករ ដើម្បីឱ្យជ្រាបកាន់តែច្បាស់អំពី ប្រវត្តិភាសាសាស្ត្រនៃអម្បូរភាសាអូស្តូ្រអាស៊ីយ៉ាទិកក្នុងគោលដៅបង្កើនការស្វែងរកប្រយោជន៍ក្នុងការបង្កើនចំណេះដឹងរបស់ខ្លួន។
សូមបញ្ជាក់ថា សព្វថ្ងៃនេះមានមនុស្សប្រមាណជាង១១៧លាននាក់នៅលើពិភពលោកកំពុងនិយាយភាសាដែលមានលក្ខណៈ មន-ខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង