ខេត្តស្វាយរៀងរៀបចំពិធីប្រណាំងទូកយ៉ាងអធិកអធមក្រោមម្លប់សុខសន្តិភាព

156

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា ថ្ងៃ២៧ខែ១០ឆ្នាំ២០១៩៖

រដ្ឋបាលខេត្តស្វាយរៀងរៀបចំពិធីប្រណាំងទូក យ៉ាងអធឹកអធមក្រោមម្លប់សុខសន្តិភាព នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នេះដើម្បីបំរើការកម្សាន្តសប្បាយរីករាយជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមទស្សនា កម្សាន្តសប្បាយនៃពិធីប្រណាំងទូក ដែលរៀបចំដោយ រដ្ឋបាលខេត្តស្វាយរៀង ដើម្បីសំដែងនូវការអបអរសាទរ ដល់ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលគ្រោងនិងធ្វើនៅរាជធានីភ្នំពេញ ក្រោមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថាមានប្រសាសន៍ថា ពិធីប្រណាំងទូកថ្នាក់ខេត្តនេះបានធ្វើឡើងដើម្បីបង្ហាញពីការសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំពិធីនេះមានលក្ខណៈធំដំជាងឆ្នាំមុនៗ ទាំងចំនួនទូកបរិវេណកន្លែងកម្សាន្ត ការរៀបចំក្រុមសិល្បៈ តន្ត្រីស្រុកស្រែ ការតាំងពិព័រណ៍ ផលិតផលនានា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានទស្សនាសប្បាយរីករាយ។
លោកស្រីសំ ចន្ថា រស់នៅខេត្តស្វាយរៀងបានបង្ហាញអារម្មណ៍សប្បាយរីករាយហើយចាត់ថា អាជ្ញាធរបានរៀបចំកម្មវិធីនេះបានល្អមានកន្លែងកម្សាន្តជាច្រើន ទាំងនៅពេលថ្ងៃនិងពេលរាត្រី។ អ្នកស្រីចង់អោយអាជ្ញាធរខេត្តរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីអោយប្រជាជននៅខេត្តនេះបានជួបជុំសប្បាយរីករាយ ខណៈដែរប្រជាពលរដ្ឋខ្លះពុំមានលទ្ធភាពទៅលេងកម្សាន្តនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង បានរៀបចំពិធីប្រណាំងទូកនេះជាង១០ឆ្នាំមកហើយដែលប្រារព្វធ្វើឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយនៅក្នុងឆ្នាំ ២០១៩នេះមានទូកចូលរួមចំនួន៥៤ទូក ក្នុងនោះមាន ទូកប្រពៃណីខ្នាតអន្តរជាតិចំនួន ៤៤ទូកនិងទូកក្តារបីសន្លឹកចំនួន១០ទូកមកពីគ្រប់ស្រុកក្នុងខេត្តស្វាយរៀង និងមកពីរាជធានីខេត្តទាំង២៤ទៀតនៅកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង