រាជរដ្ឋាភិបាលកម្ពុជា ថ្វាយព្រះពរ ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៥នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

176

វិទ្យុជាតិកម្ពុជា៖ ស្រីផល 28,10,2109៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះពរ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាស ព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្ត និងសូមចូលរួមថ្វាយ នូវព្រះសព្ទសាធុការ ពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ ចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គ ទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ត្រចះ ត្រចង់ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីរោគាព្យាធិនានា ដើម្បីឲ្យព្រះអង្គ ទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងជាព្រះម្លប់ ដ៏ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្ត ចម្រើនរុងរឿង ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជាអង្វែងតរៀងទៅ។ ព្រះមហាក្សត្រ មានព្រះរាជហឫទ័យ ឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ មនុស្សធម៌ ចំពោះជាតិមាតុភូមិ ប្រជានុរាស្ត្រ និងកិច្ចការបរទេស របស់ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងក្នុងការជំរុញសេដ្ឋកិច្ច សង្គម ឆ្ពោះទៅកាន់ភាពរីកចម្រើន ថ្កុំថ្កើង រុងរឿង ជាមួយរាជរដ្ឋាភិបាល នាពេលកន្លងមក។
ជាថ្មីម្តងទៀត សម្តេចតេជោ សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ និងសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់សមប្រកប ដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ។

អត្ថបទដែលជាប់ទាក់ទង