កុដិថ្មីមានកំពស់៤ជាន់ គ្រោងចំណាយថវិកាជាង១លានដុល្លារ នៅវត្តលង្កាព្រះកុសុមារាម នឹងចេញជារូបរាងនៅពេលខាងមុខ

161

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖ កុដិថ្មីមានកំពស់៤ជាន់ គ្រោងចំណាយថវិកាជាង១លានដុល្លារ នៅវត្តលង្កាព្រះកុសុមារាម នឹងចេញជារូបរាងនៅពេលខាងមុខ ដើម្បីបំរើដល់វិស័យព្រះពុទ្ធសាសនា។អ្នកយកព័ត៌មានធ្វើសេចក្ដីរាយការណ៍៖
ក្នុងឱកាសអញ្ជើញចូលរួម ពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ នៅវត្តលង្កាព្រះកុសុមារាម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កុដិថ្មី១ខ្នង កំពស់៤ជាន់ ទទឹង១៤ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ ដែលជាសមិទ្ធិផលថ្មីនេះ នឹងផ្តល់ជាគុណប្រយោជន៍យ៉ាងច្រើន សំរាប់បម្រើក្នុងវិស័យព្រះពុទ្ធសាសនា។
សម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទ័ថុល្ល ព្រះអនុប្រធានទី៣ ថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានមានសដីការថា កុដិនេះ គ្រោងចំណាយបច្ច័យអស់ប្រមាណជាង១លានដុល្លារ កសាងក្នុងរយៈពេល៤ឆ្នាំ ដែលជាបច្ច័យចូលរួមរបស់ពុទ្ធបរិស័ទ។សម្តេចព្រះមហាអរិយវង្សបណ្ឌិត ក៏បានមានសដីការអំពាវនាវដល់ សម្តេចទ្រង់ឯកឧត្តមលោកជំទាវអស់លោក លោកស្រី ពុទ្ធបរិស័ទគ្រប់ទិសទី ចូលរួមចំណែកចាប់មគ្គផល ដើម្បីឲ្យកុដិនេះ ឆាប់បានរួចរាល់ ព្រោះនៅខ្វះខាតបច្ច័យច្រើន ក្នុងការកសាង ។
សំឡេង៖ កុដិនេះមានសារៈសំខាន់ណាស់សម្រាប់វត្តលង្កា ក៏ដូចជាវត្តដទៃ ការរស់នៅរបស់មនុស្សសត្វទាំងអស់គឺជាជម្រក អញ្ចឹងសារៈសំខាន់របស់ កុដិដែលអាត្មាព្រៀងនឹងធ្វើនេះគឺសម្រាប់ព្រះសង្ឃ សីល្ប៍វ័ន សីល្ប៍វត្តី ជាពិសេសគឺព្រះសង្ឃ និងនិស្សិត ដែលលោកអ្នកស្នាក់នៅរៀនបន្តការសិក្សាដែលចប់ពីមូលដ្ឋានមកនៅភ្នំពេញហ្នឹង គឺរៀនសកលសិក្សាសាកលវិទ្យាល័យគឺសុទ្ធតែពួកសមណនិស្សិត និងនិស្សិតដែលលោកមកបន្តការសិក្សា។

សូមបញ្ជាក់ថា កុដិថ្មី១ខ្នងនេះ ចាប់ផ្តើមបុកគ្រឹះដំណើរការសាងសង់ ដោយចំណាយបច្ច័យ ប្រមាណជាង ១០ម៉ឺនដុល្លារ ដែលជាបច្ច័យបានមកពីអង្គកឋិនទាន ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ព្រមទាំង ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព លោក ជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៕

អត្ថបទដែលជាប់ទាក់ទង