ប្រជាពលរដ្ឋខណ្ឌសែនសុខចង់ឲ្យអាជ្ញាធរពន្លឿនការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់

190

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ហុក សុខរិន ៣១ ១០ ២០១៩៖

ប្រជាពលរដ្ឋខណ្ឌសែនសុខចង់ឲ្យអាជ្ញាធរពន្លឿនការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ដើម្បីធានាការកាន់កាប់ដីធ្លីប្រកបដោយភាពស្របច្បាប់និងអាចយកទៅដោះស្រាយតាមតម្រូវ ការចាំបាច់ក្នុងជីវភាព្រចាំថ្ងៃ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅ តាមភូមិ សង្កាត់នៃខណ្ឌសែនសុខ បាននាំគ្នាស្នើសុំការអន្តរគមន៍ឲ្យជួយដោះស្រាយនូវបញ្ហា អាជ្ញាធរមិនព្រមធ្វើបណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់ បើទោះបីពួកគាត់មានឯកសារបញ្ជាក់ពីការរស់នៅ ជាច្រើនឆ្នាំក៏ដោយក្តី ។
ការស្នើសុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយល់បល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌសែនសុខ ក្រោមវត្តមាន ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានី ព្រមទំាងមានការអញ្ចើញចូលរួមពីក្រុមការងារចុះ ពង្រឹង មូលដ្ឋានខណ្ឌសែនសុខ សមាជិក សមាជិកា នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ មកពីបណ្តាលភូមិ សង្កាត់ ក្នុងខណ្ឌសែនសុខជាច្រើននាក់ផងដែរ។
ជាការកត់សម្គាល់មានប្រជាពលរដ្ឋក្នុងសមាគមន៍រស់នៅក្នុងខណ្ឌសែនសុខ បានបញ្ចេញមតិ និងលើកឡើង នូវបញ្ហាដែលពួកគេកំពុង តែត្រូវការការជួយអន្តរគមន៍ និងដោះស្រាយជូន ជាមួយនឹងបញ្ហា សុំធ្វើបណ្ណកម្មសិទ្ធិដីធ្លី ដែលពួកគេបាននឹងកំពុងរស់នៅមិនបាន។ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា បើទោះបីពួកគេបានអះអាងថា មានឯកសារបញ្ជាក់ច្បាស់ថា រស់នៅជាច្រើនឆ្នាំមកហើយក្តី តែអាជ្ញាធរ ហាក់មិនអើពើ និងមិនបានសម្រួលដល់និតិវិធី តាមការស្នើសុំ ដោយភាគច្រើន ពួកគេបានលើកឡើងថា ការស្នើសុំរបស់ពួកគេ ត្រូវបានពន្យាពេល និងរុញដាក់គ្នា ពីមួយទៅមួយ ពីសំណាក់អាជ្ញាធរ។
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានទទួលយកសំណើ ទំាងនេះ ហើយអៈអាងថា អាជ្ញាធរមានសមត្ថកិច្ចនិងពិនិត្យមើលដោះស្រាយជូនប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលា។
នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍រំលឹក ដល់អង្គវេទិការទាំងមូលពីគោលបំណងនៃវេទិការពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីទទួលស្តាប់នូវកង្វល់បញ្ហាក៏ដូចជាការស្នើសុំនៃកង្វះខាតពីអាជ្ញាធរ ដើម្បីអាចផ្តល់ឲ្យឱកាសអោយប្រជាពលរដ្ឋបានបញ្ចេញមតិនិងទុក្ខកង្វល់របស់ខ្លួន ដើម្បីឈានទៅរកការដោះស្រាយ ជូនប្រជាពលរដ្ឋ តាមដំណាក់កាលៗ ៕

អត្ថបទដែលជាប់ទាក់ទង