ប្រធានព្រឹទ្ធសភាកម្ពុជាកោតសរសើរបេសកកម្មការទូតគុយបាបានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា

40

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
MC៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានកោតសរសើរពីគុណសម្បត្តិបេសកកម្មការទូតគូបានៅកម្ពុជា បាននាំមកនូវផលប្រយោជន៍ជាច្រើននៃការទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាបានកោតសរសើរក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Juan de Jesús Hidalgo-Gato Pérez ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ។
នៅក្នុងជំនួបនោះសម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងថា ឯកអគ្គរដ្ឋទូតនិងស្ថានទូតគុយបាប្រចាំកម្ពុជាបានបំពេញភារកិច្ចយ៉ាងល្អប្រសើរនិងមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ ជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណង មិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។
ឯកឧត្តម Juan de Jesús Hidalgo-Gato Pérez បានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមបានទទួលការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិនៃកម្ពុជា ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-គុយបា មានការរីកចម្រើន។
ឯកឧត្ដមក៏បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា សម្តេចប្រធានព្រឹទ្ធសភា បានប្រកាសត្រៀមខ្លួនជានិច្ចក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹងឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផល ប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង