បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាស្នើរដ្ឋមន្រ្តីក្រសួងអប់រំបង្កើនការអប់រំផ្សព្វផ្សាយសុវត្ថិភាពថ្នាក់ចរាចរណ៍នៅតាមគ្រឹះស្ថានសិក្សា​​​

159

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ៖ វ៉ាង ភក្តី

MC: បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ស្នើក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពជំរុញការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្ស-និសិ្សត លោកគ្រូ-អ្នកគ្រូ និងមាតាបិតា អាណាព្យាបាលសិស្ស ពេលចុះបើកបវេសនកាល និងបង្កើនការអប់រំផ្សព្វផ្សាយនៅតាមគ្រឹះស្ថានសិក្សាក្នុងឆ្នាំសិក្សាថ្មី សំដៅឆ្លើយតបចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
លិខិតសំណើដាក់ទៅឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា របស់បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលមានអង្គការមូលនិធិបង្ការរបួសអាស៊ី និងអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាសហប្រធានសម្របសម្រួល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានជំរុញដល់ថ្នាក់ដឹកនាំ ក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទូទាំង ធ្វើការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្ស-និសិ្សត លោកគ្រូ-អ្នកគ្រូ និងមាតាបិតា អាណាព្យាបាលសិស្ស ក្នុងឱកាសពេលចុះបើកបវេសនកាល និងបង្កើនការអប់រំផ្សព្វផ្សាយនៅតាមគ្រឹះស្ថានសិក្សាក្នុងឆ្នាំសិក្សាថ្មី សំដៅជំរុញការយកចិត្តទុកដាក់ និងការចូលរួមឲ្យកាន់តែសកម្មក្នុងការឆ្លើយតបចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ក្នុងលិខិតដាក់ទៅឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡារបស់បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក៏បានស្នើពិនិត្យលទ្ធភាពបញ្ចូលសំណួរអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅក្នុងវិញ្ញាសាប្រឡងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ជារៀងរាល់ឆ្នាំផងដែរ។ លោកមានប្រសាសន៍ថា វិធានការដែលអាចនឹងអនុវត្តបន្ថែមដោយក្រសួង សិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ និងមាតាបិតាអាណាព្យាបាលសិស្ស នឹងទទួលបានការអប់រំផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត ពីសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ។
ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងបានសហការជាមួយក្រសួងមហាផ្ទៃ និងអង្គការ HANDICAP INTERNATIONAL បានរៀបចំការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងកម្មវិធីសិក្សាតាំងពីឆ្នាំ២០០៤មកម៉្លេះ បន្ថែមលើខ្លឹមសារដែលបាន បញ្ជ្រាបពីមុនមក ។ ក្រសួងបានរៀបចំជាសៀវភៅ ” ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ” តាំងពីថ្នាក់ទី១ដល់ទី៩ ដែលយើងបានបោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៦មកម៉្លេះ ហើយផ្សព្វផ្សាយជាបន្តបន្ទាប់ ។
លោបន្តថា បច្ចុប្បន្នខ្លឹមសារក្នុងសៀវភៅបន្ថែមនេះបានបញ្ចូលពេញលេញទៅក្នុងសៀវភៅសិក្សាគោលដែលសិស្សកំពុងរៀនសព្វថ្ងៃពីថ្នាក់ទី១ដល់ថ្នាក់ទី៦រួចហើយ។ ចំណែកឯមធ្យមសិក្សាពីថ្នាក់ទី៧ដល់ទី៩នៅប្រើសៀវភៅបន្ថែម ” ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក” បន្ថែមលើខ្លឹមសារដែលបានបញ្ជ្រាបខ្លះពីមុន។ សៀវភៅ ” ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ មានទាំងសៀវភៅសិស្សនិងសៀវភៅគ្រូ។ ការបណ្តុះបណ្តាលគ្រូក៏បានចប់សព្វគ្រប់តាំងពីឆ្នាំ២០០៩ ។ ចំណែកឯ ការអប់រំសុវត្ថិភាពចរាចរផ្លូវគោកសម្រាប់ថ្នាក់ទី១០ដល់១២ ធ្វើឡើង ជា ” វេទិកាផ្សព្វផ្សាយ ” ដោយសហការទាំង៣ភាគីខាងលើដដែល ។ ក្រសួងប្រើ ” វេទិកាផ្សព្វផ្សាយការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ” ។ ឯកសារដែលប្រើក្នុងវេទិកាមានអនុក្រឹត្យ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឯកសារណែនាំរបស់ក្រសួង និងឯកសារពាក់ព័ន្ធផ្សេងទៀត។
ដោយឡែកកម្មវិធីសិក្សាដែលកំពុងអភិវឌ្ឍសព្វថ្ងៃខាងមុខវិជ្ជាសិក្សាសង្គមក៏បានគិតគូបញ្ចូលបន្ថែម។ ថ្មីៗនេះក្រសួង ក៏បានចេញសេចក្តីណែនាំបន្ថែម១ទៀតទៅលើការពង្រឹងការអនុវត្តកាអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះនៅតាមសាលារៀនទូទាំងប្រទេស ហើយបានផ្សព្វផ្សាយហើយដែរ។ ក្រសួង សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសតាមរយ: គណៈកម្មការអន្តរក្រសួង។
សូមបញ្ជាក់ថា ការសុំដាក់សំណើបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីជារៀងរាល់ឆ្នាំ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិចណាស់ជាង១០ភាគរយ គឺជាសិស្ស-និស្សិត ហើយដែលមួយភាគធំកើតឡើងនៅពេលដែលសិស្ស-និស្សិតទាំងនោះ ធ្វើដំណើរទៅមកគ្រឹះស្ថានសិក្សារបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង