ប្រធានក្រុមការងារចុះជួយ សង្កាត់ជ្រោយចង្វារ ផ្ដល់ដំបូន្មានដល់សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ

108

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០១ វិច្ឆិកា ២០១៩៖

ប្រធានក្រុមការងារ ចុះជួយសង្កាត់ជ្រោយចង្វារ បានផ្ដល់ដំបូន្មានដល់សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូ ដើម្បីទទួលបានចំណេះដឹងដែលឈានទៅជាទំពាំងស្នងឫស្សីនៅថ្ងៃអនាគត។
ថ្លែងនៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ នៅសាលាបឋមសិក្សាជ្រោយចង្វារ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ ឯកឧត្ដម ទ្បេង ប៊ុនតេង ទីប្រឹក្សាសម្តេចសេនាភក្តី សាយ ឈុំ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានពន្យល់ថា ការខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់បង្កាប់លោកគ្រូអ្នកគ្រូ ជាពិសេសជៀសឆ្ងាយពីគ្រឿងញៀន នឹងនាំឲ្យខ្លួនក្លាយទៅជាសាលាកុមារមេត្រី ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដែលអាចចូលរួមចំណែកការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ឯកឧត្ដម គាំទ្រចំពោះមាតាបិតា ដែលជាផ្នែកមួយក្នុងការរួមចំណែក និងផ្ដល់ដំបូន្មានដល់កូនចៅ ទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យកូនៗ ក្លាយជាធនធានមនុស្សពេញលេញ ដោយសមត្ថភាព ទេពកោសល្យ ព្រមទាំងទទួលបានកាយសម្បទា សម្រាប់ការចាប់យកវិជ្ជាបំណិន និងចរិយា ឈានទៅកសាងអនាគតដ៏រុងរឿងសាកសមជាកុលបុត្រខ្មែរ និងជាសសរទ្រូងនៃប្រទេសជាតិ។
លោក សុន សុខុម នាយកសាលាបឋមសិក្សាជ្រោយចង្វារ ក៏បានលើកទឹកចិត្តដល់សិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ប្រកបដោយគុណភាព ខណៈសាលាបានចូលរួមផ្តល់ជាសម្ភារសិក្សា ដល់ សិស្សក្រីក្រ និងសិស្សរៀនពូកែ សំដៅជំរុញគុណភាពអប់រំឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោកក្រើនរំឭកដល់មាតាបិតា ឬ អាណាព្យាបាលសិស្សទាំងអស់ បញ្ជូនកូនចៅ ទៅចុះឈ្មោះចូលរៀន នៅដើមបវេសនកាលការសិក្សាថ្មីនេះបានគ្រប់គ្នា និងត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនចៅឲ្យបានជាប្រចាំ។ លោកមានប្រសាសន៍ថា ការអប់រំ ការបណ្តុះបណ្តាលលើកុមារ ឲ្យមានទាំងចំណេះដឹង និងឥរិយាបថប្រកបដោយភាពថ្លៃថ្នូរ គឺត្រូវមានការគាំទ្រពីអាណាព្យាបាលផងដែរ។
«សូមមាតាបិតាឬអាណាព្យាបាលសិស្ស ដែលមានកូនគ្រប់អាយុចូលរៀន សូមយកមកចុះឈ្មោះចូលរៀន ដោយពុំមានបង់ប្រាក់ទេ»។
នៅក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះដែរ លោកនាយកសាលាបឋមសិក្សាជ្រោយចង្វាររូបនេះ បានអំពាវនាវដល់សប្បុរសជន និងមាតាបិតាសិស្ស ជួយឧបត្ថម្ភសម្រាប់ការជួសជុលដល់សាសាដែលកំពុងមានសភាពចាស់ទ្រុឌទ្រោម និងសម្ភារសិក្សាសម្រាប់សិស្សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង