មន្ត្រីជំនាញខាងអប់រំលើកទឹកចិត្តកុមារតូចឱ្យចូលរៀនថ្នាក់មត្តេយ្យមុនពេលចូលរៀនថ្នាក់ទី១

170

វិទ្យុជាតិកម្ពុជា៖ លោក ចេម ហួត
ភ្នំពេញ៖ មន្ត្រីជំនាញខាងអប់រំនៅប្រទេសកម្ពុជាលើកទឹកចិត្តកុមារតូចឱ្យចូលរៀនថ្នាក់មត្តេយ្យដើម្បីពួកគេមានមូលដ្ឋានគ្រឹះសមត្ថភាព មុនពេលចូលរៀននៅថ្នាក់ទី១នៃថ្នាក់បឋមសិក្សា។

ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ សាលាមត្តេយ្យ៨មីនា នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃ១ខែវិច្ឆិកានេះ លោកស្រីសុខ គន្ធពិដោរ នាយិកា សាលាមត្តេយ្យ៨មីនាបានបញ្ជាក់ថា ការចូ លរៀននៅថ្នាក់មត្តេយ្យសិក្សា ធ្វើឱ្យកុមារបានរៀនសូត្រចាប់ផ្តើមពីឥរិយាបថ ដេក ដើរ ឈរ អង្គុយ និងអភិវឌ្ឍន៍ផ្នែកប្រាជ្ញាស្មារតីនឹងមានសមត្ថភាពគ្រប់គ្រាន់អាចចូលរៀននៅថ្នាក់ទី១នៅពេលគ្រប់អាយុ៦ឆ្នាំ។
សំភាសន៍៖ «ការអប់រំកុមារតូចគឺសំខាន់ខ្លាំងណាស់….បច្ចេកទេសអភិវឌ្ឍខួក្បាលស្មាតហ្វូន»
លោកស្រីនាយិកាបានអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ដែលមានកូនតូចចាប់ពីអាយុ៣ឆ្នាំដល់អាយុក្រោម៦ឆ្នាំត្រូវបញ្ជូនពួកគេឱ្យចូលរៀននៅសាលាមត្តេយ្យទូទាំងប្រទេសឱ្យបានគ្រប់ៗគ្នាដោយក្រសួងមិនតម្រូវឱ្យបង់លុយឡើយ។
ដោយឡែកសម្រាប់សាលាមត្តេយ្យ៨មិនា ដែលចាប់គិតត្រឹមថ្ងៃបើកបវេសនកាលដំបូងនេះ មានសិស្សចុះឈ្មោះចូលរៀនបានជាង២០០នាក់ និងបន្តចុះឈ្មោះជាបន្តបន្ទាប់ទៀត។
ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៩នេះជាថ្ងៃបើក បវេសនកាលឆ្នាំសិក្សាឆ្នាំថ្មីទូទាំងប្រទេស ហើយនៅសាលាមត្តេយ្យ៨មីនា ក៏បានរៀបចំពិធីនេះប្រកបដោយភាពសប្បាយរីករាយ និងមានអត្ថន័យសម្រាប់ការអប់រំ ដោយមានការចូលរួមពីគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងកុមារតួចៗជាច្រើននាក់ផងដែរ។
បើយោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០១៨-២០១៩ បានឲ្យដឹងថានៅទូទាំងប្រទេសកម្ពុជាមានសាលាមត្តេយ្យសិក្សាគ្រប់រូបភាពចំនួន៧៧៨០សាលាក្នុងនោះសាលាមត្តេយ្យសិក្សារដ្ឋមានជាង៤៣០០និងមត្តេយ្យសិក្សាឯកជនចំនួន៥០៩និងមត្តេយ្យសិក្សាសហគមន៍ជិត៣ពាន់កន្លែងដោយមានកុមារទទួ លបានសេវាអប់រំចំនួនជាង៤សែន២ម៉ឺន៥ពាន់នាក់៕

អត្ថបទដែលជាប់ទាក់ទង