រាជរដ្ឋាភិបាល និងJICA ចាប់ផ្តើមពិនិត្យគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ

56

វិទ្យុជាតិអត្ថបទ៖ជួន បូណា រូបភាព អ៊ឹម ភិរក្សនារីរតនៈ

MC៖ រាជរដ្ឋាភិបាល និងទីភ្នាក់ងារជប៉ុនសម្រាប់សហប្រតិបត្ដិការអន្តរជាតិ ហៅកាត់ថា(JICA) ចាប់ផ្តើមពិនិត្យគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ប្រមាណ២៧លានដុល្លារអាមេរិក។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ ត្រូវបានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា ចុះហត្ថលេខាលើឯកសារព្រមព្រៀងក្នុងក្របខ័ណ្ឌប្រតិបត្តិការទ្វេភាគី នាព្រឹកថ្ងៃទី១ វិច្ឆិកានេះ ដើម្បីឈានទៅអនុវត្តនាពេលខាងមុខ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរ ទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ មានទិសដៅចម្រោះទឹកកខ្វក់ មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបំពង់បង្ហូរទឹកកខ្វក់ដែលមានប្រវែង២០០០ម៉ែត្រ មុខកាត់ ៥០០ម.ម ភ្ជាប់ពីស្ថានីយ៍បូមទឹកកខ្វក់បឹងត្របែក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មនេះ នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២០ ដោយប្រើប្រាស់រយៈពេលប្រមាណ៣២ខែ ដែលនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លើការលើកម្ពស់គុណភាពទឹក និងអនាម័យបរិស្ថាន។

ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា គម្រោងនេះនឹងបំពេញបន្ថែមឲ្យគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធ ប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី១, ទី២, ទី៣ និងទី៤ ដែលត្រូវបានសាងសង់ដោយហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុនផងដែរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន៤គម្រោង ដែលមានទឹកប្រាក់សរុបប្រមាណ៧៧លានដុល្លារអាមេរិក ក្នុងនោះរួមមានហិរញ្ញប្បទាន ឥតសំណងប្រមាណជាង ៤៣ លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណជិត ៣៤ លានដុល្លារអាមេរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង