ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-កាណាដា កើនឡើងរហូតដល់៨០០ភាគរយ

62

MC៖ មន្ត្រីការទូតរបស់ប្រទេសកាណាដា អះអាងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសកាណាដា បានកើនឡើងរហូតដល់៨០០ភាគរយ បន្ទាប់ពីប្រទេសកាណាដាបានបើក ការិយាល័យស្ថានទូតនៅទីក្រុងភ្នំពេញ។
លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រោយពេលប្រទេសកាណាដាបានបើកឲ្យដំណើរការិយាល័យស្ថានទូតកាណាដានៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងរហូតដល់៨០០ភាគរយ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោកជំទាវចូលជួបសម្តែងការគួរសម និងជម្រាបលាឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី៣១ ខែតុលា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ។
លោកជំទាវ សង្ឈឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងអាស៊ាន និងកាណាដា នឹងបន្តរីកចម្រើនទៅមុខ ខណៈកាណាដាផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងគោលដៅសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខ័ណ្ឌសិទ្ធិមនុស្សឡើយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះជោគជ័យនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំផ្ទាល់ខ្លួនរបស់លោកជំទាវ ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសបញ្ជាក់តាមរយៈកំណើនយ៉ាងលឿននៃទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាគាំទ្រឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា ។

អត្ថបទដែលជាប់ទាក់ទង