ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥

31

វិទ្យុជាតិកម្ពុជា៖
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ បាន ប្រារព្វពិធីបើកជាផ្លូវការហើយ កាលពី​ល្ងាចថ្ងៃទី២វិច្ឆិកា នៅមជ្ឈមណ្ឌលពិព័ណ៌និងសន្និបាតអ៊ីមផែក ជាយរាជធានីបាងកក ក្នុងខេត្តនុន​ថាក់បូរី ព្រះរាជាណាចក្រថៃ។ ព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ -ប្រមុខ​រដ្ឋា​ភិ​បាលនៃប្រទេសអាស៊ាន រួមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ាន ត្រូវបានទទួលនូវការស្វាគមន៍​យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីឯក ឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរា​ជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូល ពេញ​អង្គរបស់ខ្លួន ប្រមុខរដ្ឋ -ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សំគាល់ដោយការពេញចិត្ត ចំពោះ​ការ​ងារដែលបានបំពេញ ក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាព​ជា​ដៃគូសម្រាប់ចីរភាព។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សំគាល់សាជាថ្មី អំពីគោល បំណងក្នុងការឆ្ពោះទៅសម្រេចបានអាស៊ានប្រកបដោយចីរភាព តាម​រយ:ការបង្កើនសន្តិសុខប្រកប​ដោយ​ចីរ​ភាព ការលើកកម្ពស់ការភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់​ពិភពលោក និងបន្តឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និង​នាំមកនូវស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ក្នុងកិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំង​អស់ ក៏បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេក វិទ្យាទំនើប ដែលជាលទ្ធ​ផល​នៃបដិវត្តន៍ឱស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយ​ការ​ផ្លាស់ប្តូរដែល​កើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។ មេដឹកនាំ​អាស៊ាន បានសំដែងនូវសេចក្តីសោមនស្សរីករាយ ដោយកត់សំគាល់ឃើញនូវវឌ្ឍនភាពប្រកបដោយ​ចីរ ភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និង​បាន លើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឲ្យបន្តកិច្ចការរបស់ខ្លួន ក្នុងការដោះស្រាយ​បន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ: រក្សាសន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តរួចហើយ។ មេដឹកនាំអាស៊ាន ក៏បានទន្ទឹងរង់ចាំ នូវការត្រួត​ពិនិត្យ​ឡើងវិញពាក់កណ្តាល​អាណត្តិ នៃផែនការលម្អិតខាងលើ ដែលគ្រោងនឹងចាប់ ផ្តើមនៅឆ្នាំ២០២០។ មេដឹកនាំអាស៊ានក៏បានបញ្ជាក់ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហ ប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)ជាក្រមប្រតិបត្តិដ៏សំខាន់មួយ ក្នុងការគ្រប់គ្រងទំនាក់ ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹ: ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំ​អាស៊ាន​បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀត នូវគោលការណ៍នានាដូចមានចែងក្នុង TAC ឲ្យកាន់តែ​ទូលំទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contrac​ting Parties) ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានេះ។ មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍​ចំពោះការចូលជាសមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន និងអាល្លឺម៉ង់ នៅឆ្នាំ២០១៩នេះ ហើយទន្ទឹងរងចាំការចូលជាផ្លូវការរបស់អាហ្រ្វិកខាងត្បូង។ មេដឹកនាំអាស៊ាន ក៏បានកត់សំគាល់ ពី​ការ​បំពេញដោយជោគជ័យ នូវបេសកកម្មស្វែងរកការពិតរបស់ សហគមន៍នយោបាយ-សន្តិសុខ​អាស៊ាន នៅប្រទេសទីម័រឡេស្តេ កាលពីថ្ងៃទី៤-៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយលើកទឹកចិត្តឲ្យ​សសរ​ស្តម្ភ នៃសហគមន៍សេដ្ឋកិ​ច្ច និងសហគមន៍សង្គម- វប្ប ធម៌អាស៊ាន ជំរុញឲ្យមានបេសកកម្ម​ស្វែង​រក​ការ ពិតពី សហគមន៍របស់ខ្លួនឲ្យបានឆាប់រហ័ស។ យើងអរគុណចំពោះឆន្ទ:នយោបាយ​ដ៏រឹងមាំ​របស់​ទីម័រឡេ​ស្តេ ក្នុងការចូលជាសមាជិកអាស៊ាន ហើយយើងសូមបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មី ក្នុងការគាំទ្រ​ការអភិ​វឌ្ឍ ទីម័រឡេស្តេ តាមរយ:ជំនួយកសាងសមត្ថភាពទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។ មដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការជឿនលឿនជាលំដាប់និងប្រភេទ នៃការគំរាម កំហែង ឆ្លង​ដែន​តាមប្រព័ន្ធអ៊ីនធើណែត ក្នុង​ការធានាឲ្យបាននូវលំហរអ៊ីនធើណែតមួយ ប្រកបដោយភាព​បើក​ចំហ សុវត្តិភាព ស្ថិរភាព អាចប្រើប្រាស់បាន និងប្រកបដោយភាពធនរឹងមាំដើម្បីគាំទ្រ​ដល់សេដ្ឋកិច្ច​ឌីជីថលអាស៊ាន។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានថា អាស៊ាននៅមានសក្តានុពលច្រើន ក្នុង​ការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ តាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុង សំដៅបង្កើនខ្សែសង្វាក់ផលិតកម្មតំបន់ និងលើកកម្ពស់ផលិត ភាពសេដ្ឋកិច្ច។ ដើម្បីគោលដៅនេះ អាស៊ានចាំ បាច់ត្រូវផ្តោតអាទិភាពទៅលើការបន្តដោះ ស្រាយបញ្ហារបាំងមិនមែនពន្ធ និងការបង្កើនកិច្ចប្រឹង ប្រែងសម្រួលពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរ គឺការកាត់បន្ថយចំណាយប្រតិ​បត្តិការពាណិជ្ជកម្ម ១០ភាគរយ នៅឆ្នាំ២០២០ និងការបង្កើនពាណិជ្ជកម្មអាស៊ានទ្វេដងនៅឆ្នាំ ២០២៥។
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៥រួចមក បណ្តាប្រមុខរដ្ឋ- ប្រមុខ រដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញជាព្រះរាជាអធិបតី និងអធិបតីដ៏ខ្ពង់ ខ្ពស់បំផុត ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក ដែលចុះហត្ថ លេខាដោយឯកឧត្តមអគ្គលេខាធិការអាស៊ាន ជាមួយនិងប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភព លោក។ នៅក្នុងពិធីដ៏មានអត្ថន័យនោះ ឯកឧត្តមអគ្គលេខាធិការ​អាស៊ាននិងលោកប្រធានសហ ព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសំដែងនូវកា រប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលមានប្រជាជនរស់នៅជាង ៦៥០លានាក់។ នៅក្នុងពិធីនោះដែរ លោកប្រធានសហព័ន្ធកីឡាបាល់ទាត់​ពិភពលោក បានសំដែងនូវការវាយតម្លៃខ្ពស់ និងបានចាត់ទុកថា នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡា បាល់ទាត់ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នារវាង​អាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឲ្យកាន់តែមានភាព ប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនិងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីប ដទៃទៀត ក្នុងពិភពលោក។ លោកប្រធានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះបណ្តា មេដឹកនាំអាស៊ានដែលបានធ្វើជាសាក្សីនៅថ្ងៃនេះ ក្នុងការជំរុញលើកកម្ពស់វិស័យកីឡាបាល់ទាត់ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។
នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីចុះហត្ថ លេខាលើអនុស្សរណ: នៃការយោគយល់គ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡា បាល់ទាត់ រវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានអញ្ជើញថ្វាយនិងជូន អាវកីឡាករភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនោះផងដែរ។

អត្ថបទដែលជាប់ទាក់ទង