ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ ប្រកាសជ្រើសរើសកម្លាំងពលកម្មភ្លាមៗជាង២ម៉ឺនកន្លែង

37

វិទ្យុជាតិដោយ ៖ លោក អុឹម ភិរក្សនារីរតនៈ
MC ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិក្នុងឆ្នាំ២០១៩ ប្រកាសជ្រើសរើសកម្លាំងពលកម្មជាង២ម៉ឺនកន្លែង ដើម្បីផ្តល់អោយឱកាសការងារជនប្រជាពលរដ្ឋពិសេសយុវជនដែលកំពុងស្វែងរកការងារធ្វើ។
ពិព័រណ៍ការងារ និងផលិតភាពជាតិក្នុងឆ្នាំ២០១៩បានបើកជាផ្លូវការហើយនៅថ្ងៃទី២ខែវិច្ឆិការ ដោយបាន ទាក់ទាញយុវជន និងអ្នកស្វែងរកការងារយ៉ាងច្រើន ខណៈដែរមានក្រុមហ៊ុន រោងចក្រសហគ្រាសជាច្រើសបានប្រកាសស្វែងរកបុគ្គលិកថ្មីជាង២ម៉ឺននាក់។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ ក្នុងពិធីបើក ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ នេះបានបង្កើតឡើងនូវវេទិកាការងារ ដែលផ្តល់ជាទីកន្លែងជួបជុំដោយ ងាយស្រួលសម្រាប់អ្នកស្វែងរកការងារធ្វើ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យ និងសម្ភាសន៍ជ្រើសរើសបុគ្គលិកផ្ទាល់នៅនឹងកន្លែង ចែករំលែកព័ត៌មាន អំពីឱកាសអភិវឌ្ឍជំនាញ និងវិស័យការងារដែលកំពុងមានការរីកលូតលាស់ខ្លាំងក្នុងទីផ្សារការងារកម្ពុជា។

ឯកឧត្តម បន្តទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍នេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងនិងចូលរួមតាំងបង្ហាញពីសំណាក់ក្រុមហ៊ុន-សហគ្រាស រហូតបានក្លាយជាមហាព្រឹត្តិការណ៍ការងារដែលធំជាងគេប្រចាំឆ្នាំ២០១៩ និងបានទាក់ទាញយុវជន និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករចូលរួមដាក់ពាក្យស្វែងរកការងារ និងស្វែងយល់អំពីទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។
គួររំលឹកដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩នេះ ត្រូវបានរៀបចំរួមបញ្ចូលគ្នានូវព្រឹត្តិការណ៍ធំៗពីររួមមាន ៖ ទី១ ការតាំងផ្សព្វផ្សាយដោយក្រុមហ៊ុន គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ក្រសួង ស្ថាប័ន និងអង្គការជាតិ អន្តរជាតិ ដែលនឹងផ្តល់ឱកាសដ៏កម្រដល់សិស្ស និស្សិត និងអ្នកស្វែងរកការងារ ក្នុងការជួបដោយផ្ទាល់និងដាក់ពាក្យសម្ភាសន៍រកការងារភ្លាមជាមួយនិយោជកដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មចំនួនជាង២ម៉ឺនកន្លែង និងទី២ ការលើកកម្ពស់ផលិតភាព ក្នុងការរក្សាភាពប្រកួតប្រជែងនិងកំណើនរយៈពេលវែង ការកែលម្អការងារ មុខរបរ អាជីព និងប្រាក់ចំណូលប្រជាពលរដ្ឋ សំដៅបង្កើនការយល់ដឹងបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងជំរុញ ឲ្យយុទ្ឋនាការនេះក្លាយទៅជាចលនាជាតិនិងវប្បធម៌ ផលិតភាពនៅកម្ពុជា ។
តាមប៉ាន់ស្មានពិព័រណ៍ការងារ និងផលិតភាពជាតិក្នុងឆ្នាំ២០១៩នេះនឹងមានអ្នកចូលរួមទស្សនាប្រមាណជាង៣ម៉ឺននាក់ ៕

អត្ថបទដែលជាប់ទាក់ទង