អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់  ចំពោះសុខភាព ជាពិសេស ក្មេង តូចៗ នៅក្នុង រដូវត្រជាក់នេះ

30

វិទ្យុជាតិកម្ពុជា៖  មន្ទីរព័ត៌មានខេត្តប៉ៃលិន ដោយលោក ញ៉ឹប បូរី

 

 ប៉ៃលិន ៖ មានប្រសាសន៍នៅក្នុងឱកាស អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដែលថ្ងៃអបអរសាទរខួបអនុស្សាវរីយ៍ លើក ទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តម ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន បាន ណែនាំ និង អំពាវនាវ ដល់ ពលរដ្ឋ  ក៍ដូចជា អ្នក ជម្ងឺ ដែល កំពុងសម្រាក  ព្យាបាល នៅ មន្ទីរពេទ្យបង្អែក ខេត្ត ទាំងអស់ ត្រូវ ចេះ ថែទាំ សុខភាព ជាពិសេស កុមារ តូចៗ នៅក្នុងរដូវអាកាសធាតុត្រជាក់នេះ។

 

នៅក្នុងឱកាសនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល រងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្តអមដំណើរជាច្រើននាក់ផងដែរ។

 

 ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖  រដូវនេះ ជារដូវដែលអាកាសធាតុចាប់ផ្តើមចុះត្រជាក់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាកដល់ក្រុមគ្រួសារ ជាពិសេសត្រូវថែទាំសុខភាព និងអនាម័យសម្រាប់កុមារតូចៗ ហើយបើសង្កេតឃើញកូនៗមានសភាពមិនសូវស្រួល ត្រូវនាំទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យ ជៀសវាងទុកឲ្យកុមារមានសភាពជម្ងឺធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។

 

ឯកឧត្តមអភិបាលខេត្ត ក៍បានថ្លែងការកោតសរសើ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋយើង ឱ្យកាន់តែល្អថែមទៀត ហើយព្រមជាមួយនេះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានបង្ហាញមនោសញ្ចេតនាអាណិត ស្រលាញ់ និងស្និទ្ធស្នាលជាទីបំផុត និងបានឧបត្ថម្ភដល់អ្នកជម្ងឺចំនួន ៦២នាក់ ដោយក្នុងម្នាក់ៗ ឃីត ១កញ្ចប់ និងថវិកា ២ម៉ឺនរៀលផងដែរ។

 

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានស្តីទី មន្ទីរសុខាភិបាល ខេត្ត ប៉ៃលិន បាន ឲ្យ ដឹងថា៖  បច្ចុប្បន្នប្រជាពលរដ្ឋ  ដែល កំពុង សម្រាក ព្យាបាល ជម្ងឺនៅក្នុងមន្ទីរពេទ្យ បង្អែក ខេត្តប៉ៃលិន មាន ចំនួន  ៦២ នាក់  ក្នុងនោះ មាន កុមារ ចំនួន ១៤ នាក់  ជម្ងឺវះកាត់ ចំនួន ១៥នាក់ ជម្ងឺទូទៅ ចំនួន ១៤នាក់ ជម្ងឺសង្គ្រោះបន្ទាន់ ចំនួន ០៧នាក់ ជម្ងឺរបេង ២នាក់ និងសម្ភព ចំនួន ១០នាក់៕

 

 

អត្ថបទដែលជាប់ទាក់ទង