ប្រធានច្រកទ្វារអន្តរជាតិអូស្មាច់ប្តេជ្ញាពង្រឹងសន្តិសុខនិងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ

51

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ហាន់ ស្រីណា
MC: ប្រធានច្រកទ្វាអន្តរជាតិអូស្មាច់ប្តេជ្ញាពង្រឹងសន្តិសុខនិងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិដើម្បីធានាឲ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអន្តរជាតិបានឆ្លងច្រកព្រំដែនប្រកបដោយមានភាពជឿជាក់ និងទំនុកចិត្តទៅវិញទៅមក។

លោក ហ៊ូ តារាឬទ្ធិ ប្រធានច្រកទ្វាអន្តរជាតិអូស្មាច់បានប្រាប់វិទ្យុជាតិកម្ពុជាថា នគរបាលអន្តោប្រវេសន៍ បានណែនាំដល់បណ្តាច្រកព្រំដែនទំាងអស់ឲ្យពង្រឹងការអនុវត្តគោលនយោបាយភូមិ​ឃុំមានសុវត្ថិភាពឲ្យបានជាប់ជាប្រចាំដើម្បីពង្រឹងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរអន្តរជាតិឲ្យមានភាពងាយស្រួលក្នុងការចរាចរឆ្លងកាត់ព្រំដែនដោយគ្មានឧបសគ្គ រួមទំាងការដោះដូរទំនិញគ្នារវាងប្រទេសទាំងពីរកម្ពុជា ថៃឲ្យទទួលបានសក្តានុពលខ្ពស់ផងដែរ។
លោកបន្ថែមទៀតថា ការពង្រឹងវិធានការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនេះមានសារៈសំខាន់ណាស់ព្រោះវាផ្ដល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋក៏ដូចជាក្រុមវិនិយោគទុននិងភ្ញៀវទេសចរនានាឲ្យមកវិនិយោគឬក៏បំពេញការងារផ្សេងៗឲ្យមានសន្ទុះកើនឡើងកាន់តែច្រើនបន្ថែមទៀត។
សំលេង : ពាក់ព័ន្ធនឹង សន្តិសុខ សុវត្ថិភាពពិតជាមានសារៈសំខាន់ណាស់ ដែលបានធ្វើអោយប្រជាពលរដ្ឋងាយស្រួលក្នុងការចរាចរឆ្លងកាត់ ការដោះដូទំនិញគ្នារវាងប្រទេសទាំងពីរពាក់ព័ន្ធនិងរឿងចរាចរណ៍ទំនិញគឺខាងសមត្ថកិច្ចនិងមន្រ្តីពាក់ព័ន្ធ ទាំងប៉ូលីស ទាំងគយបានជួយសម្រួលដល់ប្រជាពលរដ្ឋទាំងសងខាងដែលមានបំណងចង់នាំចេញនាំចូលគឺមានការងាយស្រួល។
សូមបញ្ជាក់ថា តំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ស្ថិតក្នុងភូមិសាស្ត្រ ក្រុងសំរោង ខេត្តឧត្តរមានជ័យជាប់ព្រំដែនជាមួយខេត្តសុរិន្ទនៃព្រះរាជាណាចក្រថៃ ខណ្ឌចែកសីមា ដោយជួរភ្នំដងរ៉ែក។ តំបន់ច្រកព្រំដែននេះបានជំរុញកំណើនជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃនិងសេដ្ឋកិច្ចជាតិ តាមរយៈការដោះដូរទំនិញ ផ្តល់ឱកាសការងារជូនពលរដ្ឋក្នុងតំបន់ ការបណ្តាក់ ទុនវិនិយោគ រួមជា មួយការការពារទឹកដីមួយប្រកបដោយភាពជឿជាក់៕

អត្ថបទដែលជាប់ទាក់ទង