ប្រធានរដ្ឋសភា សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីសហភាពអ៊ឺរ៉ុប បន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា

54

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ០៣ ១២ ២០១៩៖


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហាញភាពជឿជាក់ថា បេសកកម្មការទូតថ្មីរបស់ឯកអគ្គរដ្ឋទូត នៃសហភាពអ៊ឺរ៉ុប ប្រចំាព្រះរាជាណាចក្រកម្ពុជា នឹងបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអ៊ឺរ៉ុប ឱ្យកាន់តែរឹងមំា និងរីកចម្រើនថែមទៀត។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសទទួលជួបសវនាការជាមួយ លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត នៃសហភាពអ៊ឺរ៉ុប ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មការទូតរបស់លោកជំទាវ។
សម្តេចបានលើកឡើងថា កម្ពុជា-សហភាពអ៊ឺរ៉ុប មានកាតព្វកិច្ចដ៏សំខាន់ក្នុងការរួមគ្នាកសាងនូវភាពសុខដុមរមនា និងភាពសំបូររុងរឿង ដល់ប្រជាជនទាំងសងខាង មិនតែប៉ុណ្ណោះមិត្តភាពនេះ ជាកំលាំងចលកររួមចំណែក ដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និង សកលលោកផងដែរ។ ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរអតីតឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបមុនៗ ដែលបានបំពេញតួនាទី ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដ៏សកម្មជាមួយកម្ពុជា។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រ និងបេ្តជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យបេសកកម្មការទូតរបស់លោកជំទាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ។ សម្តេចសង្ឃឹមថា លោកជំទាវឯកអគ្គរដ្ឋទូត នឹងបានស្វែងយល់ពីស្ថានភាព ពិតនៅកម្ពុជា ពិសេសគឺ ការរក្សាបាននូវស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល នាំមកនូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ដែលផ្ទុយពីការបំពងសម្លេងពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយនោះ។

លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្នុងរយៈពេលប្រមាណជា ២៥ឆ្នាំកន្លងមកនេះ សហភាពអ៊ឺរ៉ុប បានក្លាយជាដៃគូសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យ។ ហើយបេសកកម្មនេះ សហភាពអ៊ឺរ៉ុប នៅតែមានឆន្ទៈអនុវត្តបន្តទៅមុខទៀត ដើម្បីគំាទ្រដល់ការរីកចម្រើនរបស់កម្ពុជា។
លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងបន្តថា ជំនួយគំាទ្ររបស់សហភាពអឺរ៉ុបមកកម្ពុជា នាពេលកន្លងមក មានទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ព្រមទាំង បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភា ដែលជាស្ថាប័នកំពូល មានតួនាទីសំខាន់នៅក្នុងការចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង