ក្រុមអ្នកជំនាញផ្នែកស្ថាបត្យកម្ម ផ្តល់អនុសាសន៍ពីការអភិវឌ្ឍទីក្រុងប្រកបដោយភាពធន់

25

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ០៣ ១២ ២០១៩៖

ក្រុមអ្នកជំនាញផ្នែកស្ថាបត្យកម្ម ផ្តល់អនុសាសន៍ពីការអភិវឌ្ឍទីក្រុងប្រកបដោយភាពធន់ ដែលធានាដល់ការរស់នៅរបស់ប្រជាជន សណ្តាប់ធ្នាប់សាធារណៈ ខណៈបច្ចុប្បន្នវិនិយោគលើវិស័យសំណង់កំពុងមានភាពរីកចម្រើនប្រកបដោយការប្រកួតប្រជែង។
ថ្លែងក្នុងសន្និសីទពេញអង្គស្តីពី«ការស្តារឡើងវិញ និងការអភិវឌ្ឍទីក្រុង» និង «តម្រូវការបន្ទាន់នៃការស្ថាបនាទីក្រុងឡើងវិញ» នាឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) នៅរាជធានីភ្នំពេញ ពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី Christiane Blancot ស្ថាបត្យករផ្នែករៀបចំទីក្រុង និងជានាយិកាផ្នែកសិក្សានៅរោងជាងនគរូបនីយកម្មទីក្រុងប៉ារីស ប្រទេសបារាំង បានលើកឡើងថា អ្វីដែលត្រូវធ្វើការប្រុងប្រយ័ត្នបំផុតនោះ គឺត្រូវតែកសាងលំនៅឋានដែលមានភាពធន់នឹងគ្រោះមហន្តរាយដូចជា៖ ភ្លើងឆេះ ទឹកជំនន់ ខ្យល់ព្យុះ ជាដើម។
ដូចគ្នានេះ អ្នកម្នាង ស៊ីសុវត្ថិ ម៉ែន ច័ន្ទទេវី បណ្ឌិតផ្នែកស្ថាបត្យកម្ម និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញអារម្មណ៍ដោយចង់ឃើញការអភិវឌ្ឍទីក្រុងមួយប្រកបដោយភាពបៃតង បរិស្ថានល្អ និងផ្លូវថ្នល់ ដែលធានាដល់ការរស់នៅរបស់ប្រជាជន សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពផ្នែកចរាចរណ៍។
លោក Jean-Marie Dulix Th’eodat បណ្ឌិតផ្នែកភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ នៃប្រទេសហៃទី បានគាំទ្រនូវរាល់ការលើកឡើងទាំងនេះ ដោយលោកបានថ្លែងថា បើសិនជាគ្មានភាពធន់នោះទេ គឺមិនអាចធ្វើការកសាងទីក្រុងមួយឲ្យមានភាពប្រសើរ និងការអភិវឌ្ឍមួយប្រកបដោយចីរភាពនោះទេ។
ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សាភិបាលនៃសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា ការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញកំពុងឈានទៅអភិវឌ្ឍន៍ឲ្យមានរបៀបរៀបរយ មានសណ្ឋាប់ធ្នាប់ល្អ បរិស្ថានល្អ
ដើម្បីសក្តិសមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីក្រុងស៊ីវិល័យ ក្នុងនោះរាប់បញ្ចូលទាំង​ការអភិវឌ្ឍន៍វិស័យទឹកស្អាត ការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងក្រុង មានរថយន្តក្រុងនិងរថភ្លើងលើអាកាស ការគ្រប់គ្រងការ​ប្រមូល​ដឹកជញ្ជូ​ននិងកែច្នៃឋាមពលសំរាម ការរៀបចំប្លង់ប្រើប្រាស់ដី ការតម្រង់ទិសសេដ្ឋកិច្ច និងការវិនិយោគ សាធារណៈ ជាដើម។
សូមបញ្ជាក់ថា មហាសន្និបាតនៃសមសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលធ្វើនៅក្នុងរាជធានីភ្នំពេញឆ្នាំ២០១៩នេះ មានគណៈប្រតិភូនៃទីក្រុងនិងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមចំនួន៤០២ នាក់ មកពី៤១ប្រទេស ខណៈអង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF) មាន​រដ្ឋនិងរដ្ឋាភិបាល​សមាជិកសរុបចំនួន៨៨ ប្រទេស ក្នុងនោះសមាជិក​ពេញ​សិទ្ធិ​ចំនួន៥៤ប្រទស មិនពេញសិទ្ធិចំនួន៧ប្រទេស និងសមាជិកសង្កេតការណ៍ចំនួន ២៧ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង