កាំកុងត្រូលខេត្តស្វាយរៀងចុះពិនិត្យមុខទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារវាលយន្តក្រុងស្វាយរៀង

35

វិទ្យុជាតិកម្ពុជា:ស្រីផល ០៣.១២.២០១៩៖

មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារ ចុះពិនិត្យមុខទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីធានាឱ្យបាននូវសុវត្ថិភាព ចំណីអាហារ ជូនប្រជាពលរដ្ឋ។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានឱ្យដឹងថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិតរបស់មនុស្ស។ លោកបានបន្តថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួនជាច្រើនមុខ ក្នុងផ្សារវាលយន្តនេះ បានរកឃើញទំនិញខូចគុណភាព ជាច្រើនក្នុងនោះមានប័រ២០កំប៉ុង និងត្រីងៀតផ្ទោងជាង៤០គីឡូក្រាម ចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ដល់ សុខភាពរបស់ប្រជាពលរដ្ឋ។
លោកប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា។

អត្ថបទដែលជាប់ទាក់ទង