រាជរដ្ឋាភិបាល បង្កើនវិធានការបង្កាទប់ស្កាត់ការកើនឡើងជនពិការភាពដោយយថាហេតុ

37

វិទ្យុជាតិកម្ពុជា​អត្ថបទ​៖ជួន​ បូណា​

MC៖រាជរដ្ឋាភិបាលបង្កើនវិធានការបង្កាទប់ស្កាត់ការកើនឡើងជនពិការភាពដោយយថាហេតុផ្សេងៗ ដើម្បីបញ្ជៀសកុំឲ្យប្រជាពលរដ្ឋជួបបញ្ហារងទុក្ខជាមួយនឹងពិការភាពអស់មួយជីវិត។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី ៣៧ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានណែនាំឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តថែរក្សាសន្តិភាពស្ថេរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពងាយរងគ្រោះក្នុងសង្គម ទប់ស្កាត់អំពើហឹង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពង្រឹងប្រព័ន្ធសុខាភិបាល ការដោះមីន និងកាកសំណល់ជាតិផ្ទះសល់ ពីសង្គ្រាម និងពង្រឹងនូវសេវាស្តារលទ្ធភាពពលកម្ម ការអប់រំផ្សព្វផ្សាយការបង្ការពិការភាពឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
សម្ដេចក្រឡាហោម បន្ដថា ការបង្កាទប់ស្កាត់នៅបញ្ហាទាំងអស់នេះ គឺដើម្បីការពារ និងទប់ស្កាត់ការកើនឡើងជនពិការភាពនៅកម្ពុជា។
សម្ដេចក្រឡាហោម បញ្ជាក់ថា ពិការភាពដោយបញ្ហាជាយថាហេតុផ្សេងៗនេះ គឺវាបានបន្សល់ទុកនូវផលលំបាកជាច្រើន ដូចជាបង្កជាឧបគ្គសផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។
សូមបញ្ជាក់ថា ផ្អែកតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា ប្រេវ៉ាឡង់នៃអត្រាពិការភាពមាន ៤ភាគរយ នៃចំនួនប្រជារាស្ត្រកម្ពុជាសរុប ហើយចំនួនជនមានពិការភាពមានចំនួនប្រមាណ ៥២៤.០០០នាក់។បន្ថែមពីនេះទៀតរាជរដ្ឋាភិបាល បានចំណាយថវិការដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាពនិងក្រុមគ្រួសារ ឱ្យទទួលបានគុណភាពជីវិតល្អប្រសើរគ្មានការរើសអើង ទទួលបានសេវាសង្គមនិងសេវាសាធារណៈប្រកបដោយគុណភាពរួមទាំងជំរុញឱ្យជនមានពិការភាព បានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ការទទួលបានការគោរពសេច ក្តីថ្លៃថ្នូរ៕

អត្ថបទដែលជាប់ទាក់ទង