ព្រឹទ្ធសភា នឹងពិនិត្យ លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់សហជីព

74

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ០៦ ១២ ១៩៖

ព្រឹទ្ធសភា នឹងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីសហជីព ដើម្បីបង្កើនប្រាក់ចំណូលជូនកម្មករកម្មការិនី។

ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្ដៃយីព្រឹទ្ធសភាលើកទី៤ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពី សហជីព ដើម្បីសម្រួលច្បាប់នេះឲ្យកាន់តែមានភាពប្រសើរបន្ថែមទៀត។
ឯកឧត្ដមបន្ដថា ការកែសម្រួលច្បាប់មួយចំនួននេះ ដើម្បីឆ្លើយតបតាមការស្នើសុំរបស់សហជីព និងបង្ហាញពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញអ្នកវិនិយោគ និងអង្គការដៃគូនានាសម្រប់ជួយលើកកម្ពស់ជីវភាពរបស់កម្មករកម្មការនីឲ្យកាន់តែមានភាពល្អប្រសើរ។
«ការវិសោធនកម្មច្បាប់នេះ គឺដើម្បីសម្រួល និងឲ្យមតិជាតិ និងអន្ដរជាតិបានមើលឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនមានចិត្ដចង្អៀតចង្អល់ឫមិនមានប្រជាធិប្បតេយ្យអ្វីមួយនោះទេ សម្រាប់សជីពដែលបង្កើតឡើងនៅតាមបណ្ដារោងចក្រ គឺយើងឲ្យមានសិទ្ធិសេរីភាពប្រកបដោយប្រជាធិបតេយ្យ និងប្រសិទ្ធភាពការងារ. និងមានជំនឿទុកចិត្ដទៅលើអង្គការអន្ដរជាតិ និងអង្គការវិជ្ជាជីវៈដែលអាចជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់កម្មករ ដើម្បីឲ្យកម្មករយើងមានការរីកចម្រើន និងបង្កើនសមត្ថភាពបច្ចេកទេសនេះ ដើម្បីសម្រួលថ្ងៃឈ្នួលឲ្យបានកាន់តែខ្ពស់ឡើងបន្ថែមទៀត»។
សូមបញ្ជាក់ថា ក្រៅពីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពី សហជីព ព្រឹទ្ធសភា ក៏នឹងពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង