សហរដ្ឋអាមេរិករឹតបន្តឹងការដាក់ទណ្ឌកម្មលើប្រមុខកងទ័ពមីយ៉ាន់ម៉ា

79

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

សហរដ្ឋអាមេរិក បានរឹតបន្តឹងទណ្ឌកម្មទៅលើមេបញ្ជាការកងទ័ព មីយ៉ាន់ម៉ា ចំពោះការសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ាយ៉ាងច្រើន ខណៈប្រទេសនេះកំពុង ការពារខ្លួន ពីការចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍ នៅចំពោះមុខសវនាការតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេក្នុងប្រទេសហូឡង់ ក្នុងបទប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ពុធ ទី ១១ ខែធ្នូ ឆ្នាំ ២០១៩។

កាលពីខែកក្កដាកន្លងទៅសហរដ្ឋអាមេរិកក៏បានធ្លាប់ដាក់ទណ្ឌកម្មលើលោកឧត្តមសេនីយ៍ភូមីយ៉ាន់ម៉ា អ៊ឹងឡាង (Min Aung Hlaing) មិនឲ្យចូលទឹកដីអាមេរិក ហើយពេលនេះអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមទៀតដោយធ្វើការបង្កកទ្រព្យសម្បត្តិ និងហាមមិនឲ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ប្រមុខយោធាភូមារូបនេះនៅសហរដ្ឋអាមេរិកថែមទៀតផង។ជាងនេះទៅទៀត រតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដូចគ្នាដែរ លើមេបញ្ជាការជាន់ខ្ពស់មីយ៉ាន់ម៉ា ៣ នាក់ផ្សេងទៀតក៏ដូចជាបុគ្គល ១៤នាក់មកពីប្រទេសដទៃទៀតដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ។

លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) រដ្ឋមន្ត្រីរតនាគារជាតិអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងមិនអត់ឪនឲ្យបាន ចំពោះការធ្វើទារុណកម្មការចាប់ជំរិតអំពើហិង្សាផ្លូវភេទឃាតកម្មឬអំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់ឡើយ។
គួររម្លឹកថា នៅចន្លោះឆ្នាំ ២០១៦ និង ២០១៧ កងទ័ពភូមាបានចាត់វិធានការចាស់ដៃលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងរដ្ឋរ៉ាក់ឃីន ដើម្បីសងសឹកនឹងការវាយប្រហារលើប៉ុស្តិ៍ប៉ូលិសពីពួកជ្រុលនិយមរ៉ូហ៊ីងយ៉ា ហើយពេលនោះបានបង្ខំឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ៧០០ ០០០នាក់ភៀសខ្លួនទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែស៕
ប្រភព៖ សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង