ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច ពិនិត្យមើលបញ្ហាការធ្លាក់ចុះនៃតម្លៃស្រូវ

128

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យមើលបញ្ហាការធ្លាក់ចុះនៃតម្លៃស្រូវ ខណៈដែលប្រជាកសិករកំពុងប្រមូលផល។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃ កម្ពុជា(CUS)នៅមជ្ឈមណ្ឌលសន្និបាតនិងពិរ័ពណ៌កោះពេជ្រ នាព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ត្រូវពិនិត្យមើលបញ្ហាការធ្លាក់ចុះនៃតម្លៃស្រូវ ឲ្យបានឆាប់ ខណៈដែលប្រជាកសិករកំពុងប្រមូលផល ធ្វើយ៉ាងណាកុំឲ្យឈ្នួញទម្លាក់ថ្លៃតាមចិត្ត។ ជាមួយគ្នានេះ ត្រូវជួយសម្រួលឲ្យបណ្ដាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ទទួល ទិញស្រូវដោយតម្លៃសមរម្យ កុំទម្លាក់ថ្លៃជ្រុលហួសហេតុ ដែលធ្វើឲ្យ ប្រជាកសិករជួបប្រទះការលំបាក ខណៈដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន៥០លានដុល្លារ ក្នុងការជួយរក្សាតំលៃស្រូវ។ សំឡេង« ដូច្នេះសុំឲ្យក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវត្រួតពិនិត្យអំពីបញ្ហានេះឲ្យបានឆាប់ ដែលអាចធ្វើទៅបាន ព្រោះតែបច្ចុប្បន្ននេះ ស្រូវរបស់យើងបានប្រមូលផលទាំងស្រូវប្រាំង និងស្រូវវស្សា ដែលស្រូវរបស់យើងមានចំនួនច្រើន ហើយតម្លៃស្រូវបែរជាធ្លាក់ចុះវិញ ដូច្នេះសូមឱ្យបណ្ដាម៉ាស៊ីនកិនស្រូវ ត្រូវទទួលទិញស្រូវដោយតម្លៃសមរម្យ កុំទម្លាក់ថ្លៃជ្រុលហួស ដែលធ្វើឲ្យប្រជាកសិកររបស់យើងជួបការលំបាក។ យើងក៏បានយល់អំពីទីផ្សារ តែវាមិនមែនតែកម្ពុជាមួយទេដែលផលិតស្រូវ ដែលមានផលិតនៅវៀតណាមគេធំជាង ប្រទេសថៃក៏ធំដែរ។ ហើយឆ្នាំនេះទិន្នផលស្រូវរបស់យើង មានការកើនរហូតដល់ជាង៣តោនក្នុងមួយហិកតា នេះបើយោងតាមស្ថិតិនៃការច្រូតកាត់ រយៈពេលកន្លងទៅ ។ ប៉ុន្តែអ្វីដែលសំខាន់គឺទាក់ទងនិងតម្លៃស្រូវដែលទាមទារឲ្យយើងមានការយកចិត្តទុកដាក់អំពីបញ្ហានេះ ហើយសភាពាណិជ្ជកម្មក៏ត្រូវតែប្រជុំដើម្បីពិនិត្យមើលរឿងនេះ និងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងកសិកម្ម ត្រូវពិនិត្យមើលអំពីបញ្ហានេះដើម្បីជៀសវាងនូវការឃើញស្រូវរបស់ប្រជាពលរដ្ឋច្រើន បែរជាទម្លាក់ទៅវិញ ដែលជារឿងមួយវាមិនគួរគប្បី ដោយយើងមានទីផ្សារទៅក្រៅប្រទេសក៏ច្រើនដែរ នាំចេញទៅ ចិននិងប្រទេសក្នុងតំបន់អាស៊ានដូចជាជិត៦០ប្រទេសដែលយើងបាននាំចេញ ។»
សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលយល់ពីបញ្ហាទីផ្សារ ព្រោះមិនមែន មានតែកម្ពុជាមួយទេដែលផលិតស្រូវ គឺមានប្រទេសវៀតណាម, ប្រទេសថៃ និងមីយ៉ាន់ម៉ា ក៏មានការផលិតដូចកម្ពុជាដែរ ដូច្នេះតំលៃស្រូវ នឹងមានការឡើង ចុះ ប៉ុន្តែធ្វើយ៉ាងណាកុំធ្លាក់ថ្លៃហួសហេតុពេក។ សម្តេចតេជោ ក៏បានជំរុញឲ្យធនាគារឯកជន ចូលរួម ផ្តល់ឥណទានដល់វិស័យស្រូវអង្ករផងដែរ ដើម្បីជួយឲ្យស្រូវរបស់កសិករ មានតម្លៃល្អឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង