កម្ពុជា-អារ៉ាប់រួម នឹងចុះអនុស្សរណៈលើវិស័យការងារនាពេលឆាប់ៗនេះ

140

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖ កម្ពុជា និងសហភាពអារ៉ាប់រួម គ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ ព្រមទាំងបានត្រៀមបញ្ជូនពលករកម្ពុជាឱ្យទៅធ្វើការនៅអារ៉ាប់រួម ផងដែរ ។

ក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម សាអីហ្វ អាប់ឌុលឡា មហាម៉េដ ខាល់ហ្វាន អាល់ស្ហាមីស៊ី ឯកអគ្គរដ្ឋទូតអារ៉ាប់រួមដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាថ្ងៃទី១១ ខែធ្នូ នៅទីស្ដីការក្រសួង ឯកឧត្ដម ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា មន្រ្តីជំនាញនៃភាគីទំាង២កំពុង ពន្លឿនការតាក់តែងនិងរៀបចំ​អនុស្សរណៈនៃការយោគយល់គ្នានេះឲ្យបានលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងាររបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមបានបញ្ជាក់ថា ក្រោយពេលដែលអនុស្សរណៈនេះចុះហត្ថលេខារួចរាល់ហើយនោះ គឺវាជាការផ្ដល់ឱកាសថ្មីបន្ថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស ពិសេសនៅប្រទេសអារ៉ាប់រួម ដែលទទួលបានប្រាក់ចំណូលខ្ពស់ ហើយមានលក្ខខណ្ឌការងារល្អ។

ឯកឧត្តមឧត្តម សាអីហ្វ អាប់ឌុលឡា មហាម៉េដ ខាល់ហ្វាន អាល់ស្ហាមីស៊ី ឯកអគ្គរដ្ឋទូតអារ៉ាប់រួម បានអះអាងថា ការពន្លឿនចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នេះ នឹងជួយប្រជាជនកម្ពុជាបានច្រើនក្នុងការស្វែងរកឱកាសការងារល្អៗនៅក្នុងប្រទេស អារ៉ាប់រួម ខណៈបច្ចុប្បន្នប្រទេសនេះមិនទាន់មានពលករកម្ពុជាទៅធ្វើការងារនៅឡើយ។
ឯកឧត្តមបន្តថា នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលអារ៉ាប់រួម បានដាក់ចេញគោលនយោបាយគាំពារសិទ្ធិ សេរីភាព និងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅ ប្រកបការងារ អាជីវកម្ម និងធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្លួន ដើម្បីធ្វើឱ្យការរស់នៅក្នុងប្រទេសនេះកាន់តែមានភាពសុខសាន្ត។
សូមបញ្ជាក់ថា នៅប្រទេសអារ៉ាប់រួមមានប្រជាជនជាច្រើនសញ្ជាតិ កំពុងរស់នៅ ប្រកបការងារ អាជីវកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ប្រកបដោយសុខដុមនីយកម្ម៕

អត្ថបទដែលជាប់ទាក់ទង